ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ប្រធានាធិបតីបារាំងនិងអធិការបតីអាល្លឺម៉ង់នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនិងគៀវក្នុងសប្តាហ៍ខាងមុខដោយបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីព្យាយាមរារាំងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពីការឈ្លានពានអ៊ុយក្រែន និងស្វែងរកផ្លូវចេញពីភាពតានតឹងដែលកំពុងកើនឡើង។
លោកអេមម៉ានុយអែល ម៉ាក្រុងរបស់បារាំងគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃចន្ទទី៧កុម្ភៈ និងទីក្រុងគៀវនៅថ្ងៃអង្គារ ខណៈលោកអូឡាហ្វ សូលស៍ (Olaf Scholz)របស់អាល្លឺម៉ង់នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី ១៤ ខែកុម្ភៈ និងទីក្រុងមូស្គូនៅថ្ងៃទី ១៥ ខែកុម្ភៈ។
ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះធ្វើឡើង ខណៈប្រទេសចិនបានគាំទ្រការទាមទាររបស់រុស្ស៊ីឱ្យរារាំងណាតូពីការពង្រីកខ្លួនទៅកាន់អ៊ុយក្រែននិងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានចោទប្រកាន់វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍អំពីផែនការល្អិតល្អន់មួយក្នុងការប្រឌិតការវាយប្រហារដោយកងកម្លាំងអ៊ុយក្រែន ដែលរុស្ស៊ីអាចប្រើជាលេសដើម្បីធ្វើសកម្មភាពយោធា។ សហរដ្ឋអាម៉េរិកមិនបានផ្តល់ព័ត៌មានលម្អិតដែលគាំទ្រការអះអាងនេះទេ ដែលក្រុងមូស្គូតែងបដិសេធយ៉ាងដាច់អហង្ការ។
ខណៈបារាំងគឺជាតួអង្គសំខាន់នៅក្នុងអង្គការណាតូ ហើយកំពុងចល័តទ័ពទៅកាន់ប្រទេសរូម៉ានី ជាផ្នែកនៃការត្រៀមខ្លួនរបស់សម្ពន្ធមិត្តសម្រាប់លទ្ធភាពណាមួយនៃសកម្មភាពរបស់រុស្ស៊ី លោកម៉ាក្រុងក៏បានជំរុញយ៉ាងសកម្មឱ្យមានការសន្ទនាជាមួយលោកពូទីននិងបាននិយាយជាមួយគាត់ជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ។ ការិយាល័យរបស់លោកម៉ាក្រុងបាននិយាយកាលពីថ្ងៃសុក្រថា អ្នកទាំងពីរនឹងបើកកិច្ចប្រជុំមួយទល់នឹងមួយនៅថ្ងៃចន្ទ។
លោកម៉ាក្រុងកំពុងដើរតាមប្រពៃណីរបស់បារាំងក្នុងការបង្កើតផ្លូវដាច់ដោយឡែកពីសហរដ្ឋអាម៉េរិកនៅក្នុងភូមិសាស្ត្រនយោបាយ ក៏ដូចជាព្យាយាមបង្កើតស្នាដៃពិសេសផ្ទាល់ខ្លួនរបស់គាត់ជុំវិញវិបត្តិនេះ និងការពារផលប្រយោជន៍របស់អឺរ៉ុប។
អាល្លឺម៉ង់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទម្រង់ការទូតផ្សេងៗក្នុងការដោះស្រាយភាពតានតឹង ហើយបានបដិសេធមិនបញ្ជូនអាវុធទៅអ៊ុយក្រែនទេ ដោយបង្កការខឹងសម្បាដល់សម្ពន្ធមិត្តមួយចំនួន។ លោកសូលស៍ក៏បានប្រឈមមុខនឹងការរិះគន់នៅក្នុងស្រុកនាពេលថ្មីៗនេះដែរសម្រាប់ការរក្សាភាពស្ងប់ស្ងាត់ជាសាធារណៈនៅក្នុងវិបត្តិនេះ៕
ទាហានអ៊ុយក្រែនកំពុងធ្វើសមយុទ្ធបាញ់មីស៊ីលប្រឆាំងរថក្រោះ SMAW-D នៅភាគខាងលិចអ៊ុយក្រែនកាលពីថ្ងៃសុក្រទី៤កុម្ភៈ