ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍,វ៉េអិនអិចស្ព្រេស)៖ អ្នកជំងឺកូវីដ១៩ចំនួន២១នាក់ទៀតបានស្លាប់និងមនុស្ស១០.៤៩០នាក់បានឆ្លងជំងឺនេះនៅ២៤ម៉ោងកន្លងទៅនៅក្នុងប្រទេសថៃ នេះបើតាមក្រសួងសុខាភិបាលប្រកាសកាលពីថ្ងៃសៅរ៍ទី៥កុម្ភៈ ដោយកើនពីចំនួនឆ្លង៩.៩០៩នាក់កាលពីមួយថ្ងៃមុន។
ក្នុងចំនួនឆ្លងថ្មីនេះ ១០.២៧៣នាក់ឆ្លងក្នុងស្រុក និង២១៧នាក់នាំចូលមកពីក្រៅប្រទេស។
សូមបញ្ជាក់ថា ចាប់តាំងពីជំងឺឆ្លងរាតត្បាតនេះចាប់ផ្តើមមាននៅថៃមក អាជ្ញាធរបានរកឃើញអ្នកឆ្លងសរុប២.៤៨៦.១២២នាក់ និង២២.២៧១នាក់បានស្លាប់ដោយកូវីដ១៩។
ក្នុងពេលជាមួយគ្នា វៀតណាមក៏ឃើញចំនួនឆ្លងកូវីដកើនឡើង ដោយកាលពីយប់ថ្ងៃសុក្រអាជ្ញាធរបានប្រកាសចំនួនឆ្លងថ្មី១១.៥៨៦នាក់ នៅ៥៩ខេត្តក្រុង បន្ទាប់ពីរកឃើញអ្នកឆ្លងថ្មី ៨.៥៧៥នាក់ កាលពីមួយថ្ងៃមុន។
ទីតាំងបីមានការឆ្លងច្រើនជាងគេ គឺក្រុងហាណូយ ២.៧៥៦នាក់ ក្រុងដាណាំង ១.៥៤៤នាក់ និងខេត្តណាមឌិញ(Nam Dinh)ភាគខាងជើងចំនួន៦២០នាក់។
កាលពីថ្ងៃសុក្រ វៀតណាមក៏ថែមអ្នកស្លាប់ដោយកូវីដ១៩ចំនួន៨៤នាក់ទៀត នាំអោយចំនួនអ្នកស្លាប់ដោយកូវីដ១៩នៅក្នុងប្រទេសនេះកើនដល់៣៨.១៥០នាក់ក្នុងចំណោមអ្នកកើតកូវីដជាង២,២៨លាននាក់។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនវៀតណាម៩៦លាននាក់ ៧៤,១លាននាក់បានទទួលវ៉ាក់សាំងកូវីដ១៩ចំនួនពីរដូស និង២៨,៣បានចាក់ដូសទីបី៕
ប្រជាជនវៀតណាមស្គែន QR codeបង្ហាញអំពីឋានៈសុខភាពរបស់ខ្លួនដើម្បីចូលទីតាំងមួយនៅក្រុងហូជីមិញ កាលពីថ្ងៃ២៩មករា ឆ្នាំ២០២២