ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ស្ដាប់​ការរាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​បញ្ហា​ប្រឈម​និង​សំណូមពរ​របស់​អង្គភាព​ចំណុះ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ។​

រូបថតៈលោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​ក្នុង​ពិធី​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ​នៅ​វិមាន​រដ្ឋសភា​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​ជម្រាបជូន​គណៈអធិបតី​អំពី​សភាពការណ៍​រួម​និង​ការវិវឌ្ឍ​នៃ​អគ្គលេខាធិការ​ដែល​បម្រើ​ឱ្យ​ដំណើរការ​នៃ​រដ្ឋសភា​ទាំងមូល​។​
​នៅក្នុង​ឱកាស​នេះដែរ ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន ដែលជា​អង្គភាព​ចំណុះ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ទាំងអស់​ក៏បាន​ឡើងរាយការណ៍​អំពី​វ​ឌ្ឍ​នភាព​ការងារ បញ្ហា​ប្រឈម និង​សំណូមពរ​របស់​អង្គភាព​រៀងៗ​ខ្លួន​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​អបអរសាទរ កោតសរសើរ​ចំពោះ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​ស្នាដៃ​របស់​មន្ត្រី​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​បង្កើតបាន​នូវ​សមិទ្ធផល​ការងារ​យ៉ាង​ល្អប្រសើរ​ជូន​ដល់​ស្ថាប័ន​រដ្ឋសភា​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត មានសង្ឃឹម​ជឿជាក់ថា វប្បធម៌​នៃ​ការបំពេញ​ការងារ​ដ៏​ល្អ​នេះ របស់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា នឹង​នៅមាន​ជា​បន្តទៀត​ក្នុងការ​នាំមក​នូវ​ជោគជ័យ​ជូន​ដល់​រដ្ឋសភា​និង​ជាតិ​មាតុភូមិ ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព និង​កិច្ចសហការ​ល្អរ​វា​ងអង្គភាព​ទាំងអស់​នៅក្នុង​រដ្ឋសភា​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប បាន​បញ្ជាក់ថា រាល់​សំណូមពរ​ដែល​អង្គភាព​នីមួយៗ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បានលើកឡើង ឯកឧត្តម នឹង​រាយការណ៍​ជូនទៅ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា បាន​ជ្រាប ដើម្បី​ពិនិត្យ​ស្វែងរក​មធ្យោបាយ​សម្រាប់​ជួយ​ដោះស្រាយ​៕