​ ​ ​រដូវ​ខ្សត់​ត្រី​មកដល់​ហើយ​!​ត្រី​ឡើងថ្លៃ​នៅលើ​ទីផ្សារ​ខេត្តស្ទឹងត្រែង​

2363
ចែករម្លែក

(​ស្ទឹងត្រែង​)៖​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​ដ៏​សំបូរ​ត្រី​។​តែ​ពេលនេះ​មិន​ប្រាកដថា​សំបូរ​រហូត​នោះទេ​គឺមាន​តាម​រដូវ​កាល​នៃ​ធម្មជាតិ​ទឹកទន្លេ​មានការ​ប្រែប្រួល​។​ធាតុអាកាស​ផ្លាស់ប្តូរ​បែបនេះ​សម្រាប់​អ្នក​ស្ទឹងត្រែង​បាន​ត្រៀមលក្ខណៈ​ទុកជាមុន​រួចហើយ​។​អ្នកខ្លះ​ក៏​ងាក​ទៅ​ទិញ​សាច់​សម្រាប់ធ្វើ​ម្ហូប​ទទួលទាន​ផងដែរ​។​

លោក ទុំ នី​រ៉ូ ប្រធាន​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​និយាយ​ឱ្យដឹងថា​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា​ដល់​ខែកញ្ញា រហូត​ខែតុលា​ត្រី នឹង​លែង​សំបូរ​ទៀតហើយ​។​ពីព្រោះ​ដោយសារ​ទឹកទន្លេ​បាន​ជន់​ឡើង​នា​រដូវវស្សា​នេះ​។ ត្រី​ក៏បាន​ផ្លាស់​ទី រក​កន្លែង​បន្ត​ពូជ​នៅតាម​ព្រៃ​លិច​ទឹក ប្រឡាយ​អូរ ថ្លុក ត្រពាំង​ជាដើម​។​

មុននេះ​កំឡុង​ខែឧសភា​និង​ខែមិថុនា​ត្រី​សំបូរ​ណាស់ មាន​ដាក់​លក់គរ នៅតាម​ទីផ្សារ​ខេត្តស្ទឹងត្រែង​ដូចជា ត្រី​ប៉ា​ស៊ី​អ៊ី​,​ប៉ា​វ៉ា​,​ឆ្ពិន​,​ត្រី​ព្រួល​ត្រី​ក្អែក​និង​ត្រី​ច្រើន ប្រភេទ​ទៀត​តម្លៃថោក​សមរម្យ​។​ប៉ុន្តែ​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ត្រី​ចាប់ផ្តើម​ខ្សត់​ទៅៗ អ្នកនេសាទ រក​លែង​បាន​តម្លៃ​ក៏​ចេះតែ​ឡើងថ្លៃ​រហូត​ធ្វើឱ្យ​អ្នកទិញ​ប្តូរ​ចិត្ត​ទិញ​សាច់​ជំនួស​វិញ​។​

​ប្រធាន​ជលផល​រូបនេះ​បានឱ្យដឹង​ទៀតថា មូលហេតុ ត្រី​ខ្សត់​បណ្តាលមកពី​ដល់​រដូវវស្សា​ទឹកទន្លេ​ចាប់ផ្តើម​ឡើង​ខ្លាំង​។ ខណៈពេល​នេះ អ្នកនេសាទ​ក៏​ពិបាក​នឹង​រក​ចាប់​ត្រី​ណាស់​ទើប​គេ​ពុំ​សូវ​ឃើញ​វត្តមាន​ត្រី​នៅលើ​ទីផ្សារ​។​ពេល​ដល់​រដូវ​ខ្សត់​ត្រី អ្នក​ស្ទឹងត្រែង បាន​ត្រៀមលក្ខណៈ​ទុក​មុន ជាស្រេច​ហើយ​សម្រាប់​ទទួលទាន​។​អ្នកខ្លះ​បានធ្វើ​ផ្អក​,​ប្រហុក​និង​ធ្វើ​ត្រី​ប្រៃ ដាក់​ក្នុង​ធុង ឬក៏​ពាង​ក្រឡ​ធ្វើ​ម្ហូប​ម្តងម្កាល​ក្នុង​រយះពេល​៣​ទៅ​៤​ខែ​ពេល​ខ្សត់​ត្រី​។​ពេល​ត្រី​មិន​សំបូរ​គេ​អា​ចរក​ទិញ​សាច់ជ្រូក មាន់ ទា សាច់គោ ក្របី​នៅ​ផ្សារ​ជំនួស​ត្រី​បាន​។​

​អ្នកស្រី​ស្រៀ​ង​មាន​មិ​ខរ​បរ​លក់​ត្រី​បានឱ្យដឹងថា​ពេល​អ្នកនេសាទ​រកត្រី​លែង​បាន​អ្នកខ្លះ​គេ​យក​ផ្អក​ប្រហុក​និង​ត្រី​ប្រៃ​មក​លក់​គ្រាន់​ដោះដូរ​ម្ហូប​ទិញ​ស្ករ​អំបិល​ប៊ីចេង​។​ល​។​ហើយ​អ្នកភូមិ​ក៏​មមារ​ញឹក​ដក​ស្ទូង​ផង​ទើប​ពិបាក​នឹង​រក​ទិញ​មក​លក់​នៅ​ផ្សារ​។​រាល់ថ្ងៃ​ឃើញ​មានតែ​ប្រភេទ​ត្រី​ព្រួល​និង​ត្រី​កែ​ប៉ុណ្ណោះ​។​ត្រី​ព្រួល​មួយ​ក្បាល​ដែល​សំបូរ​ចុងរដូវ​នេះ​មានតម្លៃ​ចាប់ពី​១​ម៉ឺន​រៀល​ទៅ​២​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​។​ថ្ងៃ​ណា​ត្រី​សំបូរ​ក៏​ធ្លាក់​ថ្លៃ​បន្តិច​។​តែបើ​ចំ​ថ្ងៃ​ខ្សត់​ត្រី​នឹង​ឡើងថ្លៃ​ចាប់ពី​២​ទៅ​៣​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​។​

​ជំនាញ​ជលផល​ខេត្ត​បាន​និយាយ​បន្ថែមទៀតថា​ចំណុច​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ទន្លេសេសាន​និង​ស្រែ​ពក​ត្រី​មិនអាច​ផ្លាស់​ទី​ពី​ផ្នែក​ខាងលើ​មកក្រោម​ឬ​ពីក្រោម​ទៅលើ​បាន​ទៀត​ទេ​ដោយសារ​ត្រូវ​រាំងខ្ទប់​ដោយ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​។​ហេតុដូច្នេះ​ត្រី​បាន​ប្តូរ​ទិស​ទៅតាម​ធារទឹក​ចូល​អូរ​,​ប្រឡាយ​,​ទំនាប​,​ថ្លុក​ត្រពាំង​….​ក្នុង​ទន្លេមេគង្គ​និង​សេកុង​ដល់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​។​

ម្យ៉ាងទៀត​រដូវ​ខ្សត់​ត្រី​នេះ​ក៏​ចំពេល​វា​ពង​កូន​បន្ត​ពូជ​នៅតាម​តំបន់​ព្រៃ​លិច​ទឹក​ផងដែរ​។​លុះដល់​រដូវ​ទឹកសម្រក​ចាប់ពី​ខែធ្នូ​និង​មករា​តទៅ​អ្នកនេសាទ​នឹង​ចាប់ផ្តើម​រកត្រី​បាន​ម្តងទៀត​(​ពេល​ត្រី​ចុះមក​ផ្នែក​ខាងក្រោម​ទន្លេមេគង្គ​)​។​ត្រី​សំបូរ​ម្តងៗ​មាន​ឈ្មួញ​ជាច្រើន​បាន​ប្រមូល​ទិញ​ខ្លះ​យកទៅលក់​នៅក្រៅ​ខេត្ត​និង​នាំចូល​ប្រទេស​ឡាវ​។​

ចំណែក​ភ្ញៀវទេសចរ​បានមក​ដល់​ខេត្តស្ទឹងត្រែង​ក្រៅពី​ឃើញ​សក្កា​នុព​ល​ទេសចរ​ភូមិភាគ​ឦសាន​និង​ស្នាក់​នៅក្នុង​ខេត្ត​នេះ​ឃើញ​ត្រី​ក៏បាន​ទិញ​ដាក់​ធុង​ពេល​ត្រឡប់ទៅផ្ទះ​វិញ​។​នេះ​ជា​ធនធាន​ត្រី​ទឹកសាប​សម្រាប់​ខេត្តស្ទឹងត្រែង​មាន​រសជាតិ​ឆ្ងាញ់​ខុសពី​ត្រី​នាំចូល​មកពី​ក្រៅប្រទេស​។​

លោក​ទុំ​នី​រ៉ូ​ប្រធាន​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ពូជ​ត្រី​ទឹកសាប​ក្នុង​តំបន់​ស្ទឹងត្រែង​ឱ្យបាន​គង់វង្ស​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៀត​។​កុំ​ព្យាយាម​បំផ្លាញ​ធនធាន​ខ្លួនឯង​ប្រើ​ឧបករណ៍​រំសេវ​ផ្ទុះ​,​ឆក់​និង​ដាក់​បទល្មើស​ផ្សេងទៀត​ផ្ទុយ​ពី​ច្បាប់​ហាមឃាត់​។​
​សូមបញ្ជាក់ថា​រដូវ​បិទ​នេ​សាន​នៅ​ខេត្តស្ទឹងត្រែង​ហាមឃាត់​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ដល់​ថ្ងៃទី​៣០​ខែកញ្ញា​។​ក្នុង​រដូវ​ហាមឃាត់​អ្នកនេសាទ​មិនអាច​ដាក់មង​ក្រឡា​ដែលមាន​ប្រវែង​លើសពី​១០០​ម៉ែត្រ​បានទេ​។​ខាង​ជលផល​អនុញ្ញាតឱ្យ​អ្នកនេសាទ​ប្រើ​មង​ក្រឡា​ចាប់ពី​ប្រវែង​១០០​ម៉ែត្រ​ចុះ និង​មិន​អនុញ្ញាត ឱ្យ​ប្រព្រឹត្តិ​នេសាទ នៅ​តំបន់ហាមឃាត់​អន្លង់​អភិរក្ស​សត្វ​ផ្សោត​នោះឡើយ​៕S/​ដោយ​៖​សុខុម


ទីតាំងផ្សាយពាណិជ្ជកម្ម