ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លីម៉េល​) ៖ ល្វីស ឌៀ​ស (Luis Diaz) និយាយថា​រូបគេ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​ដល់​ការប្រកួត​របស់ Liverpool​ភ្លាមៗ​នៅពេល​ដែល​គ្រូបង្វឹក​ត្រូវការ​រូប​​គេ​បន្ទាប់ពី​ការផ្ទេរ​របស់​គេ​ពី Porto ក្នុងតម្លៃ ៣៧,៥ លាន​ផោន (៥០ លាន​ដុល្លារ​)​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​រូបនេះ​បាន​មកដល់ Liverpool ពី​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ​ទី​៤​កុម្ភៈ មុន​ពេល​ជួប​ជាមួយ​គ្រូបង្វឹក​ថ្មី​របស់​គាត់​គឺ​លោក ជួ​ហ្គិន ក្លប់​និង​មិត្ត​រួម​ក្រុម​នៅ​ទីលាន​​ហ្វឹកហាត់​របស់​ក្លិប​។​

​ហើយ​ឌៀ​ស ដែល​ស៊ុត​បញ្ចូល​ទី​បាន ៤១ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១២៥ ដង​សម្រាប់ Porto នៅតែ​អាច​បង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​ការប្រកួត​ជុំ​ទី ៤ របស់ Liverpool ក្នុង​ក្របខ័ណ្ឌ FA Cup ជាមួយ Cardiff នៅ​ទឹកដី Anfield នៅ​ថ្ងៃអាទិត្យ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វេបសាយ​របស់​ក្លឹប នៅពេល​សួរ​ថា​តើ​រូប​គេ​ត្រៀម​ខ្លួន​ក្នុង​ការលេង​និង​រួមចំណែក​សម្រាប់​ក្រុម​ហង្ស​ក្រហម​ហើយ​ឬ​នៅ ឌា​ស​បាន​ឆ្លើយតប​ថា​”​ខ្ញុំ​គិតថា​ត្រៀម​រួចជាស្រេច​​ដើម្បី​លេង​។ ខ្ញុំ​ប្តេជ្ញា​ថា​នឹង​អាច​បង្ហាញ​ខ្លួន​សម្រាប់​ការលេង​ចាប់ពី​ថ្ងៃនេះ ពោល​ចាប់ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​មកដល់​។ ថ្ងៃនេះ​ខ្ញុំ​បាន​ហ្វឹកហាត់​បន្តិច​ហើយ​ខ្ញុំ​បាន​ចេញ​នៅ​លើ​ទីលាន​ហើយ​បន្ទាប់​​មក​នៅក្នុង​កន្លែង​ហាត់ប្រាណ​”​។​

“​ដូច្នេះ ផ្នត់គំនិត​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ក្រុម​របស់​ខ្ញុំ ហើយ​ចូល​រួមចំណែក​ដល់​ក្រុម​។​ខ្ញុំ​អាច​លេង​បាន​ជានិច្ច​សម្រាប់​អ្នក​ចាត់ការ​ទូទៅ​និង​បុគ្គលិក​បង្វឹក​របស់គាត់​សម្រាប់​អ្វី​ដែល​​ពួកគេ​ត្រូវការ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ត្រៀមខ្លួន​លេង​នៅ​ពេល​ណា​ក៏​បាន​ដែរ​”​។​

“​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​ខ្ញុំ ហើយ​វា​គឺ​អំពី​ការប្រឹងប្រែង ១០០ ភាគរយ ពី​ព្រោះ​រឿង​ដំបូង​គឺ​ត្រូវ​ត្រៀម​ខ្លួន​លេង​ជា​ស្រេច និង​ត្រូវ​មាន​សម្បទា​ពេញលេញ​ដូច្នេះ​ខ្ញុំ​នឹង​អាច​លេង​បាន​ល្អ​​នៅលើ​ទីលាន​”៕

​ឌៀ​ស​ត្រៀម​ជាស្រេច​សម្រាប់​ការបង្ហាញ​ខ្លួន​នៅ​ថ្ងៃអាទិត្យ