ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​កុម្ភៈ​នៅ​ឯ​ពិធី​បុណ្យ​សព​ដ៏​ធំ​មួយ​ថា​ចំនួន​អ្នកស្លាប់​នៃ​ការវាយប្រហារ​ដោយ​កាំបិត​នៅ​ជំរំ​ជនភៀសខ្លួន​នៅ​ភាគ​ខាង​​កើត​ប្រទេស​កុង​ហ្គោ​ក្នុង​សប្តាហ៍​នេះ​បាន​កើនឡើង​ដល់ ៦២ នាក់ ក្នុងនោះ​មាន​កុមារ ១៧ នាក់​។​

​សាច់ញាតិ​ពោរពេញ​ដោយ​ទុក្ខព្រួយ​បាន​ស្រែកយំ ខណៈ​បុរស​ជាច្រើន​នាក់​ជីកដី​ក្រហម​គ្របពីលើ​មឈូស​ចំនួន ៥៣ ដែល​មាន​ពណ៌​ខុសៗ​គ្នា​តម្រៀប​គ្នា​ក្នុង​ដី​ក្នុង​ពិធី​បញ្ចុះសព​ដ៏​ធំ​មួយ​បន្ទាប់​ពី​ការសម្លាប់​កាលពី​ថ្ងៃ​អង្គារ​ទី​១​កុម្ភៈ​។​

​សាកសព ៩ នាក់​ទៀត​ត្រូវបាន​ប្រគល់ឱ្យ​ទៅ​ក្រុមគ្រួសារ​របស់​ពួកគេ​វិញ ដូច្នេះ​សាកសព​អាច​យក​ទៅ​បញ្ចុះ​ក្នុងភូមិ​របស់​ពួកគេ​បន្ទាប់​ពី​ការវាយប្រហារ​ពេញ​មួយ​យប់​ថ្ងៃ​អង្គារ​។​

​អង្គការ​ឃ្លាំមើល​សុវត្ថិភាព​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក KST​បាន​និយាយថា ជន​វាយប្រហារ​សង្ស័យ​គឺ​មកពី​ក្រុម​ប្រដាប់អាវុធ​ដ៏​ល្បីល្បាញ​ឈ្មោះ​ថាកូ​ដេកូ​(CODECO)​ដែល​គេ​ស្តីបន្ទោស​ចំពោះ​ការ​​សម្លាប់​រង្គាល​ជនជាតិភាគតិច​ជាច្រើន​នៅក្នុង​តំបន់​។​

​លោក អេម​ម៉ា​នូអែល អិន​ដា​ឡូ (Emmanuel Ndalo) ជា​ប្រធាន​ជំរំ​ភ្លេន​សាវ៉ូ (Plaine Savo)​សម្រាប់​ជនភៀសខ្លួន​ក្នុង​ខេត្ត​អ៊ី​ទូ​រី (Ituri) បាន​និយាយថា “​ពួកគេ​បាន​សម្លាប់​មនុស្ស ៦២ នាក់ រួម​ទាំង​កុមារ ១៧ នាក់ និង​បង្ក​របួស​ដល់​ជន​ផ្លាស់​ទីលំនៅ ៤៦ នាក់​ផ្សេង​ទៀត​”​។​

​លោក​បាន​និយាយថា “​ជនរងគ្រោះ​មួយ​ចំនួន​ត្រូវ​បាន​កាប់​ដោយ​កាំបិត ជើង​និង​ដៃ​របស់​ពួកគេ​ត្រូវបាន​កាត់ផ្តាច់​… វា​ពិតជា​គួរឱ្យ​រន្ធត់​ណាស់​”​។​

​លោក​បាន​អំពាវនាវ​ឱ្យ​បញ្ជូន​កង​រក្សាសន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ​ទៅ​ការពារ​ជំរំ ដែល​លោក​និយាយថា​ជា​លំនៅ​សម្រាប់​មនុស្ស​ប្រមាណ ៤ ម៉ឺន​នាក់​។​

​តំបន់​នេះ​គឺជា​ទីលាន​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​និង​យូរអង្វែង​រវាង​សហគមន៍​លេន​ឌូ (Lendu) និង​ហេ​ម៉ា (Hema)​។​

​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​បាន​ផ្ទុះ​ឡើង​រវាង​ឆ្នាំ ១៩៩៩ និង ២០០៣ ដោយ​បាន​ឆក់យក​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់ មុនពេល​ត្រូវ​បាន​បង្ក្រាប​ដោយ​កងកម្លាំង​រក្សា​សន្តិភាព​សហភាព​អឺរ៉ុប ឈ្មោះ អាតេ​មីស (Artemis) ។​

​បន្ទាប់មក អំពើហិង្សា​បាន​បន្ត​ឡើង​វិញ​នៅ​ឆ្នាំ ២០១៧ ដែល​គេ​ស្តីបន្ទោស​ទៅ​លើ​ការលេចឡើង​នូវ​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា សហករណ៍​សម្រាប់​ការអភិវឌ្ឍ​កុង​ហ្គោ (CODECO)​ដែល​អះអាង​ថា​ដើម្បី​ការពារ​​ក្រុម​ជនជាតិភាគតិច​លេន​ឌូ​។​

​ចាប់តាំងពី​ពេលនោះ​មក ការវាយប្រហារ​របស់​ក្រុម CODECO បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​រាប់រយ​នាក់​និង​បាន​ជំរុញ​ឱ្យ​មនុស្ស​ជាង ១,៥ លាន​នាក់​ភៀសខ្លួន​ចេញពី​ផ្ទះ​របស់​ពួកគេ​ខណៈ​ពាក់កណ្តាល​​នៃ​ចំនួន​ប្រជាជន​ក្នុង​តំបន់​ប្រឈម​នឹង​អសន្តិសុខ​ស្បៀង នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ដា​ណឺ​ម៉ាក​៕

​ការវាយប្រហារ​នៅ​កុង​ហ្គោ​កាលពី​ថ្ងៃ​អង្គារ​បណ្តាលឱ្យ​ស្លាប់ ៦២ នាក់​រួម​ទាំង​កុមារ ១៧ នាក់​