ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​កម្លាំង​ជំនាញ​កំពុង​កំណត់​មុខសញ្ញា​តាម​ចាប់​ឃាតករ​ករណី​សម្លាប់​មនុស្ស​ម្នាក់​នៅក្នុង​ដីចំការ​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​ឆ្វាំង​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។ នេះ​បើតាម​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២២​នេះ​។​

​ជុំវិញ​រឿងនេះ​សាក្សី​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ បុរសរងគ្រោះ​ឈ្មោះ ឌៀ​ម ចិន្តា ហៅ​ឡង់ អាយុ​៣១​ឆ្នាំ បាន​បាត់​ខ្លួន ហើយ​សាច់ញាតិ​ក៏បាន​តាមរក​តែ​រក​មិនឃើញ​។ លុះ​មកដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ ទើប​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ថា​មនុស្ស​ដែល​បាត់​ខ្លួន​បាន​រកឃើញ​ស្លាប់​ដោយមាន​សភាព​ហើម​ទៅហើយ ហើយ​សាច់ញាតិ​បាន​រកឃើញ​ម៉ូតូ និង​ស្បែកជើង​មួយគូ សំលៀកបំពាក់​នៅ​ចំណុច​ប្រឡាយ​ខ្លុង​ក្នុងភូមិ​ឆ្វាំង​ឃុំ​សំអាង​។ សព​ជនរងគ្រោះ​បាន​រកឃើញ​នៅក្នុង​ដីចម្ការ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​ទុកចោល​។ ក្រោយកម្លាំង​សមត្ថកិច្ច​ទៅពិនិត្យ​កន្លែងកើតហេតុ​ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​ខេត្ត​ស្រុក​និង​មន្ត្រី​សុខាភិបាល​ ទើប​​សន្និដ្ឋាន​ថា​បុរស​នោះ​ស្លាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​។​

​គិត​មក​ត្រឹម​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ដើម្បី​តាម​ចាប់ខ្លួន​ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម​ខាងលើនេះ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​