ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: លោកប្រធានខេមរសហព័ន្ធយូដូលោក ហេង លី បានប្តេជ្ញាចិត្តខ្ពស់ថានឹងបន្តជំរុញការអភិវឌ្ឍវិស័យកីឡាយូដូឲ្យបានកាន់តែល្អប្រសើរ និងឲ្យមានប្រសិទ្ធភាពខ្ពស់ក៏ដូចជាខិតខំរៀបចំផ្ទៃក្នុងគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធឲ្យបានល្អប្រសើរទៀតផង។
បន្ទាប់ពីជាប់ឆ្នោតជាថ្មីដើម្បីបន្តដឹកនាំក្នុងឋានៈជាប្រធាន ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៧ ពីឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២១ដល់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបានបញ្ចេញនូវក្តីរីករាយ ដែលសមាជិកនានាបានផ្តល់ការគាំទ្របោះឆ្នោតគាំទ្រដល់លោក ដើម្បីបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីមួយអាណត្តិទៀត។ជាមួយគ្នានោះលោកក៏បានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តពង្រឹង និងពង្រីកខេមរសហព័ន្ធយូដូឲ្យកានតែមានបរិមាណ និងគុណភាព ក្នុងការផលិតធនធានកីឡាករ កីឡាការិនី ក៏ដូចជាពង្រីកក្លិបកីឡាយូដូនានាឲ្យកាន់តែសម្បូរបែបបន្ថែមទៀត។
សមាសភាពនៃគណៈកម្មាធិការប្រតិបត្តិថ្មីដែលមានចំនួន១៣រូប តាមរយៈការអនុម័តផ្តល់សេចក្តីទុកចិត្តដោយការលើកដៃ ដែលក្នងនោះលោក ហេង លី ប្រធានអាណត្តិចាស់ទទួលបានការគាំទ្រឲ្យបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី អមដោយអនុប្រធាន លោក ឌៀប វណ្ណឌី លោក នុត ហ៊ួន និងលោក Emmanuel Dias និងអគ្គលេខាធិការ លោក តេង ច័ន្ទគរុរដ្ឋា និងសមាជិកមួយចំនួនទៀត។
សូមបញ្ជាក់ថា មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីនេះទទួលបានការចូលរួមជាសក្ខីភាពពីលោក ទុយ វិច្ឆិកា តំណាងនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ឯម ហៀងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕