ប្រែ​សម្រួលៈ​បំណង​/​សេ​អ៊ូ​ល​((XINHUA,ST,BLOOMBERG)៖​កូរ៉េ​ខាងត្បូង​និង​នូវែ​លសេ​ឡង់​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​១៩​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​សៅរ៍​ទី​៥​កុម្ភៈ ភាគច្រើន​បង្កឡើង​ដោយ​វីរុស​បំ​​ប្លែងខ្លួន​អូ​មី​ក្រុង​។​

​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េ ប្រទេស​កូរ៉េខាងត្បូង​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣៦.៣៦២​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ ដោយ​កើន​ពី​ចំនួន​ឆ្លង​២៧.៤៤៣​នាក់​កាលពី​​មួយ​ថ្ងៃ​មុន​និង​ឡើង​ហួស​៣៦.០០០​នាក់​ជា​លើកដំបូង​។​

​ការ​ស្ទុះ​ឡើង​ចំនួន​ឆ្លង​នៅពេល​ថ្មីៗ​នេះ​ជំរុញ​ដោយ​ការឆ្លង​ជា​ចង្កោម​នៅ​តំបន់​ក្រុង​សេ​អ៊ូ​ល​ចំ​ពេល​មាន​ការឆ្លង​រាលដាល​យ៉ាង​លឿន​វីរុស​អូ​មី​ក្រុង​។​

​អ្នកជំងឺ​កូវី​ដ​ចំនួន​២២​នាក់​ក៏​បាន​ស្លាប់​ថែម នាំអោយ​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​សរុប​ឡើងដល់​៦.៨៥៨​នាក់​។​

​ប្រជាជន​កូរ៉េ​ខាងត្បូង​៨៥,៩​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​បាន​ពេញលេញ និង​៥៤,៥​ភាគរយ​បាន​ចាក់ដូស​ជំរុញ​។​ក្នុង​រូប ប្រជាជន​កូរ៉េខាងត្បូង​រង់ចាំ​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩

​នូវែ​លសេ​ឡង់ ក៏​កំពុង​ព្រមាន​អំពី​ការ​រាលដាល​ជំងឺ​នេះ នៅ​ពេល​ខ្លួន​បាន​រក​ឃើញ​អ្នក​ឆ្លង​ច្រើន​បំផុត​២៤៣​នាក់​កាលពី​ថ្ងៃ​សៅរ៍​។​ទោះជា​យ៉ាងណា ពួក​មន្ត្រី​បាន​ប្រាប់​ប្រជាជន​កុំ​ភិតភ័យ​ស្លន់ស្លោ​។​

​សូមបញ្ជាក់​ថា ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​៥​លាន​នាក់​នេះ​បាន​បិទ​ព្រំដែន​របស់​ខ្លួន​ចាប់តាំងពី​ដើមឆ្នាំ​២០២០ ហើយ​នាយក​រដ្ឋមន្ត្រី ចា​ស៊ីន​ដា អា​ដឺ​ន​(Jacinda Ardern)​បាន​និយាយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបើក​ប្រទេស​ពេញលេញ​ឡើងវិញ​ទាល់តែ​រង់ចាំ​ដល់​ខែតុលា​ឯណោះ​។​

​ការបិទ​ព្រំដែន រួម​ទាំង​ការបិទ​ខ្ទប់​និង​វិធានការ​គម្លាត​សង្គម​យ៉ាង​តឹងរឹង បាន​កំហិត​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា ដោយ​ប្រទេស​មាន​អ្នក​ឆ្លង​តែ​១៧.០០០​នាក់​និង​ស្លាប់​៥៣​នាក់​ដោយកូវី​ដ​១៩​។​តែ​ការ​​ឆ្លង​រាលដាល​អូ​មី​ក្រុង​នៅក្នុង​ប្រទេស​ក្នុង​សហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ នាំ​អោយ​ចំនួន​ឆ្លង​កើនឡើង​។​

​ប្រទេស​អូស្ត្រាលី​ក្បែរ​ខាង ដែល​ក៏​កំពុង​ប្រឈម​នឹង​ការផ្ទុះ​វីរុស​អូ​មី​ក្រុង បាន​រាយការណ៍​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ចំនួន​៨១​នាក់​កាលពី​ថ្ងៃ​សៅរ៍​ដោយ​រដ្ឋ​គ្វី​ន​ស៍លែ​ន​(Queensland)​មាន​អ្នកស្លាប់​ថ្មី​២១​នាក់​៕