ដោយៈ ប.ខុន/ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុប្រកាសផ្អាកការផ្តល់សេវាសាធារណៈចំនួនពីរថ្ងៃ គឺថ្ងៃទី៧និងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីរៀបចំកន្លែងធ្វើការងារថ្មីនិងប្រព័ន្ធណេតវើក(Network )ឡើងវិញនិងចាប់ផ្តើមទទួលនិងផ្តល់សេវារដ្ឋបាលជាធម្មតាឡើងវិញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ មូលហេតុនៃការផ្អាកដោយសារក្រុមហ៊ុនសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនឹងធ្វើការរុះរើអគារបច្ចុប្បន្នចោលដើម្បីសង់ថ្មីដែលនឹងចប់ជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ខាងមុខ។
រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២បានជូនដំណឹង ប្រជាពលរដ្ឋនិងសាធារណជនឱ្យបានជ្រាបថា ដោយមានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលនិងដោយបានពិនិត្យឃើញថា ស្ថានភាពអគាររដ្ឋបាលសាលាខេត្តព្រះសីហនុបច្ចុប្បន្នមានទំហំតូចនិងមានសភាពចាស់ទ្រុឌទ្រោម មិនអាចបំពេញតម្រូវការស្ថានភាពការងារបច្ចុប្បន្នបាន ទើបរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនៅលើទីតាំងដដែល មានទំហំធំជាងមុន ងាយស្រួលក្នុងការបំពេញការងារនិងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ សក្តិសមជាខេត្តតំបន់សេដ្ឋកិច្ចពិសេសគំតូពហុបំណង។
នៅក្នុងសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានសរសេរថា ក្នុងកិច្ចការដំណើរការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ខាងមុខ និង ដើម្បីឱ្យការសាងសង់ទទួលបានជោគជ័យតាមការគ្រោងទុកក្រុមហ៊ុន សាងសង់នឹងរុះរើអគាររដ្ឋបាលសាលាខេត្តបច្ចុប្បន្នដើម្បីបើកការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី ដូចនេះរដ្ឋខេត្តព្រះសីហនុនឹងធ្វើការផ្លាស់ប្តូរទីតាំងបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការបម្រើសេវាជូនប្រជាពលរដ្ឋជាបណ្តោះអាសន្នទៅទីតាំងថ្មីស្ថិតនៅផ្លូវលេខ១០៣២ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ៕