ប្រែសម្រួល : កញ្ញាដាលីស (Express) ៖ រុស្ស៊ី ដឹកនាំដោយលោក វ្ល៉ាឌីមៀរ ពូទីន កាន់តែមានចរិតឈ្លានពានចំពោះអ៊ុយក្រែនខណៈប្រទេសនេះប្រមូលផ្តុំទាហាននៅតាមព្រំដែនរួមរបស់ខ្លួនជាមួយអ៊ុយក្រែនដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនមើលឃើញថាជាការរុលមកមុខពីសំណាក់ណាតូ។ វេបសាយ Express.co.uk បានធ្វើការប្រៀបទំហំកងកម្លាំងនៃភាគីទាំងពីរខណៈអាជ្ញាធរលើសកលលោកព្រួយបារម្ភអំពីការលុកលុយនាពេលឆាប់ៗ។
ទំនាក់ទំនងរុស្ស៊ីជាមួយអ៊ុយក្រែនបានវិវត្តទៅជាការតថ្លៃគ្នារវាងរដ្ឋបាលលោកពូទីននិងគូប្រជែងលោកខាងលិច។ សហរដ្ឋអាម៉េរិកចក្រភពអង់គ្លេសនិងសម្ពន្ធមិត្តរបស់ពួកគេនៅក្នុងអង្គការណាតូបានព្រមានប្រធានាធិបតីរុស្ស៊ីកុំឱ្យបន្តយុទ្ធសាស្ត្រពង្រីកវាទទីដូចគ្នាដែលធ្វើឱ្យតំបន់នេះខកចិត្តកាលពីឆ្នាំ ២០១៤។ ប៉ុន្តែលោកពូទីនអះអាងថាលោកបានឆ្លើយតបទៅនឹងគោលបំណងស្រដៀងគ្នានេះពីសម្ពន្ធមិត្តយោធាអន្តររដ្ឋាភិបាល (ណាតូ) ខណៈពួកគេរុលឆ្ពោះកាន់តែជិតដល់ទឹកដីរបស់រុស្ស៊ី។
តើកងទ័ពរុស្ស៊ីមានទំហំប៉ុនណា?
ព័ត៌មានចារកម្មចេញផ្សាយដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានបង្ហាញថា ក្រុមសមរភូមិរុស្ស៊ីចំនួន ៦០ បានបោះទីតាំងនៅតាមបណ្តោយព្រំដែនរុស្ស៊ី-អ៊ុយក្រែន។
លោកបានព្រមានថា វត្តមានរបស់ពួកគេអាចនឹងបញ្ឆេះ “សង្គ្រាមលឿនដូចរន្ទះ” នៅក្នុងតំបន់ ដោយលោកពូទីនជាអ្នកដឹកនាំទាហានរាប់ពាន់នាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន។
មេដឹកនាំលោកខាងលិចបានអះអាងថាលោកពូទីនមានបំណងកសាងប្រទេសរុស្ស៊ីឡើងវិញឱ្យមានភាពរុងរឿងដូចក្រោមសម័យសហភាពសូវៀតតាមរយៈការកាត់យកតំបន់អឺរ៉ុបខាងកើតបន្ថែមទៀត។
ប្រធានាធិបតីពូទីនបានបដិសេធផែនការឈ្លានពានអ៊ុយក្រែន ដោយអះអាងផ្ទុយមកវិញថាកំពុងប្រឆាំងនឹងការវាទទីរបស់ណាតូមកអឺរ៉ុបភាគខាងកើត។
លោកពូទីនកំពុងពង្រឹងវត្តមានយោធាជាលំដាប់នៅក្នុងតំបន់ដែលបច្ចុប្បន្នមានទាហានរុស្ស៊ី ១០០.០០០ នាក់ ដែលគាំទ្រដោយឧបករណ៍យោធា។
ទន្ទឹមនឹងនេះដែរ លោកពូទីនកំពុងបំពាក់ប្រព័ន្ធមីស៊ីលដល់សម្ពន្ធមិត្តបេឡារូសរបស់ខ្លួននិងចល័តនាវាចូលទៅសមុទ្រខ្មៅ នេះបើយោងតាមកាសែត Wall Street Journal ។
កងទ័ពនិងយានយន្តយោធាដែលកំពុងដាក់សម្ពាធលើអ៊ុយក្រែនគឺគ្រាន់តែជាផ្នែកតូចមួយនៃកងកម្លាំងដែលមានសម្រាប់លោកពូទីនប៉ុណ្ណោះ។
ទិន្នន័យបង្ហាញថា នៅពេលប្រៀបធៀបជាមួយសមាជិកណាតូ រុស្ស៊ីមានចំនួនកងទ័ពទីពីរបន្ទាប់ពីសហរដ្ឋអាម៉េរិក។
តួលេខពីវេបសាយ armedforces.eu បានបង្ហាញថា ប្រទេសនេះមានទាហានសកម្មប្រហែល ១.១៥៤.០០០ នាក់។
ហើយកងទ័ពរុស្ស៊ីមានទាហានបម្រុងប្រហែល ២៥០.០០០ នាក់បន្ថែមទៀត។
ក្នុងពេលជាមួយគ្នានេះ រុស្ស៊ីមានអាវុធនុយក្លេអ៊ែរយ៉ាងទូលំទូលាយបំផុតលើពិភពលោក ជាមួយនឹងការផ្គត់ផ្គង់ក្បាលគ្រាប់ប្រមាណ ៦.៤០០ ក្បាល។
តើណាតូមានឥទ្ធិពលខ្លាំងប៉ុនណា?
អាម៉េរិកមានកម្លាំងប្រយុទ្ធដែលមានទំហំធំជាងរុស្ស៊ីបន្តិចបន្តួចប៉ុណ្ណោះ។
អ្នកគាំទ្ររបស់អង្គការណាតូ (អាម៉េរិក) មានទាហានប្រមាណ ១.៣៤៦.៤០០ នាក់។
ទាហានអាម៉េរិកប្រហែល ១៦៥.០០០ នាក់កំពុងត្រូវបានដាក់ពង្រាយ ដោយទាហានបម្រុង ៧៩៩.៥០០ កំពុងរង់ចាំ។
ទោះយ៉ាងណា អង្គការណាតូគឺជាការប្រមូលផ្តុំជាសមូហភាពនៃប្រជាជាតិជាច្រើន ដែលមានន័យថា យោធារបស់ខ្លួនអាចមកពីសមាជិកសកម្មនីមួយៗ។
គិតត្រឹមឆ្នាំ ២០២២ ពួកគេរួមមានសមាជិកដូចជា ៖
អាល់បានី (២០០៩)
បែលហ្ស៊ិក (១៩៤៩)
ប៊ុលហ្គារី (២០០៤)
កាណាដា (១៩៤៩)
ក្រូអាស៊ី (២០០៩)
សាធារណរដ្ឋឆែក (១៩៩៩)
ដាណឺម៉ាក (១៩៤៩)
អេស្តូនី (២០០៤)
បារាំង (១៩៤៩)
អាល្លឺម៉ង់ (១៩៥៥)
ក្រិក (១៩៥២)
ហុងគ្រី (១៩៩៩)
អ៊ីស្លង់ (១៩៤៩)
អ៊ីតាលី (១៩៤៩)
ឡេតូនី (២០០៤)
លីទុយអានី (២០០៤)
លុចសំបួរ (១៩៤៩)
ម៉ុងតេណេហ្គ្រោ (២០១៧)
ហូឡង់ (១៩៤៩)
ម៉ាសេដូនីខាងជើង (២០២០)
ន័រវែស (១៩៤៩)
ប៉ូឡូញ (១៩៩៩)
ព័រទុយហ្គាល់ (១៩៤៩)
រូម៉ានី (២០០៤)
ស្លូវ៉ាគី (២០០៤)
ស្លូវេនី (២០០៤)
អេស្ប៉ាញ (១៩៨២)
តួកគី (១៩៥២)
ចក្រភពអង់គ្លេស (១៩៤៩)
សហរដ្ឋអាម៉េរិក (១៩៤៩)
បន្ទាប់ពីសហរដ្ឋអាម៉េរិក តួកគី បារាំង និងអាល្លឺម៉ង់ គឺជាសមាជិកដែលមានឧបករណ៍យោធាល្អជាងគេ។
ពួកគេមានទាហានប្រហែល ៤៤៥.០០០នាក់, ២០៨.០០០នាក់ និង ១៨៩.១០០នាក់។
ប្រទេសនីមួយៗសន្យាផ្តល់ជូនទាហានរៀងៗខ្លួន អាស្រ័យលើ “ទម្ងន់យុទ្ធសាស្ត្រនិងឥទ្ធិពលផ្សេងៗគ្នា”។
សរុបមកណាតូនិយាយថា ខ្លួនមាន “សមត្ថភាពដើម្បីពឹងផ្អែកលើបុគ្គលិក ទាហាន និងជនស៊ីវិលជិត ៣,៥ លាននាក់រួមបញ្ចូលគ្នា”៕