ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា អគ្គនាយករង​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​ជនរងគ្រោះ​ប្តឹង​ពីបទ​ឆបោក​លុយ​ជាង​ប្រាំ​ពីរម៉ឺន​ដុល្លារ ជា​ថ្នូរ​រត់ការ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ តែ​មិនបាន​សម្រេច ហើយ​គេច​មិន​ព្រម​ប្រគល់​លុយ​ឲ្យ​ជនរងគ្រោះ​វិញ​។

​បើ​យោងតាម​បាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ដែល​បានដាក់​ប្តឹងទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ គឺ​បាន​ប្ដឹង​លោក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា អាយុ​៥១​ឆ្នាំ មាន​តួនាទី​ជា​អគ្គនាយករង​ពន្ធនាគារ ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ​លេខ​១១៥ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ពីបទ​ឆបោក​ប្រាក់​ចំនួន ៧១.០០០​ដុល្លារ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០​។

​នៅក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ លោក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា បាន​អះអាងថា ក្រសួងមហាផ្ទៃ​ត្រូវការ​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាលជាតិ សម្រាប់​ឆ្នាំ​២០២០ ជាច្រើន​នាក់ ហើយ​ជនរងគ្រោះ​ក៏បាន​ទំនាក់ទំនង​ជាមួយ លោក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា ថា បើ​មានការ​ជ្រើសរើស​មែន​នោះ​ជនរងគ្រោះ​នឹងមាន​បងប្អូន​មិត្តភក្តិ​ចំនួន​៧​នាក់​ដែល​ពួកគាត់​ចង់​ចូល​បម្រើ​ការងារ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ហើយ លោក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា តម្រូវ​ឲ្យ​បង់ប្រាក់​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ​ដើម្បី​យកទៅ​ធ្វើ​បែបបទ​ជូន​ថ្នាក់លើ​ឲ្យ​ចូល​ក្របខ័ណ្ឌ​ពេញ​សិទ្ធ ដោយ លោក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា បាន​សន្យាថា ក្របខ័ណ្ឌ​នេះ​រយៈពេល​២​ទៅ​៣​ខែ​បាន​ចូល​ក្របខ័ណ្ឌ​ពេញ​សិទ្ធ​ហើយ ។ ក្រោយពី​ស្ដាប់​ការអះអាង​របស់លោក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា រួចហើយ ជនរងគ្រោះ​បាន​ប្រមូល​លុយ​ពី​បងប្អូន​មិត្តភក្តិ​ទាំង​៧​នាក់​នេះ យកទៅ​ឲ្យ​លោក អ៊ិន រស្មី​ឫទ្ធា ដែល​ក្នុង​កិច្ចសន្យា​ទទួល​ប្រាក់​ដោយមាន​ស្នាម​មេដៃ​របស់លោក អ៊ិន រស្មី​ឫទ្ធា តែ​ដាក់ឈ្មោះ សុខ វ៉ាន់​នា ទៅ​វិ​។ ជនរងគ្រោះ​មិនមាន​ការសង្ស័យ​អ្វី​ឡើយ ដោយ​គាត់​ធានា​អះអាងថា គាត់​មាន​ឋានន្តរស័ក្តិ​ផ្កាយ​បី រឿង​អ្វី​ខ្លាច​គាត់​បោកប្រាស់​នោះ ។ ពេលនោះ​ជនរងគ្រោះ​បានប្រគល់​លុយ​ឲ្យ ចំនួន​ប្រាំ​ពីរម៉ឺន​ដុល្លារ ដោយ​គាត់​សន្យាថា បើ​រត់ការ​មិនបាន​គាត់​នឹង​ឲ្យ​ប្រាក់​គ្រប់​ចំនួន​វិញ​ដោយ​គ្មាន​បាត់​មួយ​រៀល​ឡើយ ។

​ប៉ុន្តែ​ក្រោយពី​បានទទួល​ប្រាក់​ហើយ​រហូតមកដល់​បច្ចុប្បន្ន​ជាង​១២​ខែ ហើយ មិនឃើញ​មាន​លទ្ធផល​អ្វី​ឡើយ ហើយ​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ លោក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា តែ​គាត់​ចេះតែ​កុហក​ថ្ងៃនេះ​ថ្ងៃនោះ រហូត ហើយ​ពេល​ទូរស័ព្ទ​ទៅ​គាត់​មិន​លើក ថែមទាំង​បានគេច​ខ្លួន​បិទ​ទូរស័ព្ទ​រហូតមកដល់​បច្ចុប្បន្ន​។​
​រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន រស្មី​ឫទ្ធា ហៅ សុខ វ៉ាន់​នា អគ្គនាយករង​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​៕​សរន