ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សមាសភាព​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ​។

រូបថតៈលោក ស សុខា ដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ អាណត្តិ​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ 

​ពិ​ធិ​ប្រកាស​នេះ គឺ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អនុក្រឹត្យ​តែងតាំង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ អាណត្តិ​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ ។

​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ អាណត្តិ​ថ្មី​នេះ មានៈ​លោក ស សុខា ជា​ប្រធាន និង​មាន​សមាជិក ចំនួន​ប្រាំ​រូប​ទៀត រួមមាន ៖​លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​បណ្ឌិត សរ ចិ​ត្រា អគ្គលេខាធិការរង នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សួន សុ​ម៉ា​លីន អភិបាលរង​ខេត្តព្រៃវែង និង​លោក​បណ្ឌិត សិត ខន សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ ជា ស៊ីម កំចាយមារ ៊​

​លោក ស សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល ដែល​បានផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​រូបលោក​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សម្រាប់​អាណត្តិ​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ ។​

​ឆ្លើយតប​ទៅនឹង​ការផ្តល់​សេចក្តីទុកចិត្ត​នេះ លោក ក៏ដូចជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ អាណត្តិ​ថ្មី​ទាំងអស់ ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​ទ្រព្យធន ចូលរួម​អភិវឌ្ឍន៍​សាកលវិទ្យាល័យ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ពិសេស​បំពេញតម្រូវការ​សិស្ស​-​និស្សិត ឲ្យ​ទទួលបាន​ទាំង​គុណភាព​អប់រំ និង​ទីផ្សារការងារ​៕​សរន​