​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​សង្គម​ស៊ីវិល​គ្មាន​សិទ្ធិ​ចូលជួប​ជន​ជាប់ឃុំ​ដែល​ស្ថិតក្រោម​យុត្តាធិការ​របស់​តុលាការ​នោះទេ​។​សូម​អនុវត្ត​សិទ្ធិ​ក្នុង​ក្របខណ្ឌ​ព្រំដែន​នៃ​ច្បាប់ និង​សូម​សង្គម​ស៊ីវិល​សិក្សា​អំពី​តួនាទី និង​សិទ្ធិ​របស់ខ្លួន​ដែល​ចែង​ក្នុង​ច្បាប់​ឱយបាន​ច្បាស់លាស់ ។​

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បន្តថា ការដែល​ចៅក្រម​ស៊ើបសួរ​សម្រេច​មិន​អនុញ្ញាត​ឲ្យ បុគ្គល​ណាមួយ ចូលជួប​ជាមួយ​ជន​ជាប់ឃុំ ត្រូវ​ឈរលើ​មូលដ្ឋាន​នៃ​ច្បាប់ និង​លើ​ភាព​ពាក់ព័ន្ធ​រវាង​បុគ្គល​នោះ និង​ជន​ជាប់ឃុំ​។ មានតែ​បុគ្គល​ដែល​បានកំណត់​ក្នុង​ច្បាប់​តែប៉ុណ្ណោះ ដូចជា មេធាវី​ការពារ​សិទ្ធិ និង​ក្រុមគ្រួសារ ហើយ​ដែល​អ្នក​ទាំងនោះ​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្មើស​ណាមួយ​របស់​ជន​ជាប់​ឃុំខ្លួន​តែប៉ុណ្ណោះ ដែល​អាច​ទទួល​បានកា​រ​អនុញ្ញាតឱ្យ​ចូលជួប​ជន​ជាប់ឃុំ​បាន ក្រោយ​ការពិនិត្យ និង​សម្រេច​របស់​តុលាការ​។ រីឯ​បុគ្គល​ដែល​ច្បាប់​ពុំបាន​ផ្តល់​សិទ្ធិ​ឬ​បុគ្គល​ដែលមាន​សកម្មភាព​ពាក់​ព័ន្ធ​ជាមួយ​សកម្មភាព​ល្មើស​ណាមួយ​របស់​ជន​ជាប់ឃុំ ដែល​កំពុង​ស្ថិតក្នុង​យុត្តាធិការ​របស់​តុលាការ​នោះ ជា​កម្មវត្ថុ​នៃ​ការមិន​អនុញ្ញាត​ក្នុង​ការចូល​ជូ​ប​ជន​ជាប់ឃុំ​នោះទេ​។​

​លោក​បញ្ជាក់ថា​នៅ​កម្ពុជា​គ្មាន​មាត្រា​ច្បាប់​ណាមួយ​ដែល​ចែង​អំពី​សិទ្ធិ​របស់​សង្គម​ស៊ីវិល​ក្នុងការ​ចូលជួប​ជន​ជាប់ឃុំ​នោះទេ ហេតុនេះ​ការសម្រេច​របស់​ចៅក្រម​ក្នុង​បដិសេធ មិន​អនុញ្ញាត​ឲ្យ​តំណាង​សង្គម​ស៊ីវិល​ចូលជួប​ជន​ជាប់ឃុំ គឺជា​សិទ្ធិអំណាច​តាមច្បាប់​របស់​តុលាការ​កម្ពុជា​និង​ជាការ​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​កម្ពុជា​ផងដែរ​។​សូម​សង្គម​ស៊ីវិល សិក្សា​អំពី​តូ​នាទី និង​សិទ្ធិ​របស់ខ្លួន​ដែល​ចែង​ក្នុង​ច្បាប់​ឱ្យបាន​ច្បាស់លាស់ ហើយ​សូម​អនុវត្ត​សិទ្ធិ​របស់ខ្លួន​ក្នុង​ក្របខណ្ឌ​ព្រំដែន​នៃ​ច្បាប់​ដែល​បានកំណត់​ឱ្យបាន​ត្រឹមត្រូវ​៕​សរន​