ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីរាយនាមកីឡាករចំនួន ៣៦នាក់ ដែលឆ្លងផុតការធ្វើតេស្ដដំណាក់តំណាក់កាលបឋមហើយត្រូវបន្ដធ្វើតេស្ដដំណាក់កាលទី២នៅរសៀលថ្ងៃសៅរ៍ម្សិលម៉ិញនេះដើម្បីជម្រុះយកកីឡាករ២៨នាក់ចុងក្រោយ ត្រៀមការប្រកួតពានរង្វាន់បាល់ទាត់ ជើងឯកអាស៊ីអាគ្នេយ៍ អាយុក្រោម ១៣ឆ្នាំ (AFF U23 Championship 2022) នៅកម្ពុជា នាពេលឆាប់ៗខាងមុខ។

ការធ្វើតេស្ដដំណាក់បឋម គឺមានកីឡាករ ៧៤នាក់ មកពី ១៨សមាគម/ក្លិបចូលរួម ដែលធ្វើការប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែកុម្ភៈ មុនចម្រាញ់បានកីឡាករ ៣៦នាក់ ដែលត្រូវបន្ដធ្វើតេស្ដដំណាក់កាលទី២ រយៈពេល ៤ថ្ងៃទៀត ចាប់ពីថ្ងៃទី០៥-០៨ ខែកុម្ភៈនេះ ដើម្បីជម្រុះយកកីឡាករ ២៨នាក់ចុងក្រោយចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈខាងមុខ។

សម្រាប់កីឡាករ ដែលមានឱកាសបន្ដធ្វើតេស្ដដំណាក់កាលទី២ ថ្ងៃនេះ នៅសល់បេក្ខភាពមកពីប្រាំបីសមាគម/ក្លិបប៉ុណ្ណោះ រួមមានកីឡាករក្លិបភ្នំពេញក្រោន ប្រាំមួយនាក់, ព្រះខ័នរាជស្វាយរៀងបួននាក់, វិសាខា ប្រាំមួយនាក់, បឹងកេត ប្រាំបីនាក់, អង្គរថាយហ្គឺរម្នាក់, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទពីរនាក់, អគ្គិសនីកម្ពុជា ពីរនាក់, ខេត្តព្រៃវែង ប្រាំមួយនាក់, និងកីឡាករមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីម្នាក់។

ពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ នឹងត្រូវប្រកួតលើទីលានចំនួន២ រួមមាន វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា។ បេសកកម្មនេះដែរ ក្នុងនាមម្ចាស់ផ្ទះ គឺកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ខណៈពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ និងពូល C មានថៃ វៀតណាម និងសិង្ហបុរី៕សរន