ដោយ:ទេពកង្រី/កំពង់ឆ្នាំង:ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿងត្រូវបានប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងស្ម័គ្រចិត្តនាំយកមកប្រគល់ជូនសមត្ថកិច្ចដោយខ្លួនឯងផ្ទាល់កាលពីថ្ងៃទី៥ខែកុម្ភៈ។

អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ ជឿន បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណរិទ្ធ និងជាគណៈបញ្ជាការឯកភាពខេត្តបានបើកកិច្ចប្រជុំជាបន្ទាន់មួយនិងបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ការពីថ្ងៃទី៣០មករា ២០២២ ដោយឲ្យកម្លាំងគណៈបញ្ជាការឯកភាពស្រុកសហការជាមួយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសង្កាត់ត្រូវតែចុះផ្សព្វផ្សាយអប់រំណែនាំស្ដីអំពីវិធានការទប់ស្កាត់ការប្រើប្រាស់នូវឧបករណ៍នេសាទដោយខុសច្បាប់ស្តីពីជលផលពិសេសគឺការនេសាទដោយឧបករណ៍ឆក់ត្រី។
នៅក្នុងការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុកទៅតាមបណ្ដាភូមិឃុំនានានៃស្រុកកំពង់លែងមានប្រជាពលរដ្ឋបានប្រគល់ក្បាលៗអាំងវទរ័ឆក់ត្រីចំនួន ៧០ គ្រឿងនៅក្នុងនោះមានប្រភេទឆក់ក្តៅចំនួន ៦៣ គ្រឿងនិងប្រភេទឆក់ត្រជាក់ចំនួន ៧ គ្រឿងនិងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីដោយខុសច្បាប់បន្តទៀត។
បច្ចុប្បន្ននេះកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់លែងកំពុងបន្តធ្វើការកំណត់មុខសញ្ញាដោយធ្វើការផ្សព្វផ្សាយនិងប្រមូលបន្តដោយឈានទៅលុបបំបាត់ឲ្យខានតែបាននូវរាល់ការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នៅក្នុងស្រុកកំពង់លែងជាបន្តបន្ទាប់ ៕សរន