​ប្រែ​សម្រួលៈ​បំណង​/​រ៉ា​បាត​(ST,​ដេល្លី​ម៉េល​)៖ ក្មេងប្រុស​តូច​ម្នាក់​ដែល​បាន​ធ្លាក់​ជាប់​ក្នុង​អណ្តូង​ដ៏​ជ្រៅ​នៅ​ម៉ារ៉ុក​ខាងជើង​អស់ពេល​៥​ថ្ងៃ​បាន​ស្លាប់​មុន​ពួក​អ្នក​ជួយសង្គ្រោះ​អាច​ជីក​ចូល​ទៅ​ដល់​វា​កាលពី​​ថ្ងៃ​សៅរ៍​ទី​៥​កុម្ភៈ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​រដ្ឋាភិបាល​។​

​ហ្វូង​មនុស្ស​នៅ​រង់ចាំ​មើល​ការងារ​ជួយ​សង្គ្រោះ​នៅ​ពេល​អ្នក​ជួយ​សង្គ្រោះ​រាប់រយ​នាក់​ជីក​កាយ​និង​ចូល​ទៅ​ជួយ​ជីវិត​កុមារ​រ៉ា​យ៉ាន​

​រូបភាព​ក្នុង​បណ្តាញ​សង្គម​បានបង្ហាញ​កន្លែង​ដែល​ក្មេង​ត្រូវ​បាន​លើក​ចេញ​និង​ទិដ្ឋភាព​នៅ​ពេល​ក្រោម​មកទៀត ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​ដ៏​ហត់​ហេវ​និង​អ្នក​ឈរ​មើល​រាប់រយ​នាក់​នៅ​ផ្តុំគ្នា​នៅ​​កន្លែងកើតហេតុ​និង​ស្រែក​បន់ស្រន់​ដល់​ព្រះ​ខណៈ​ពួក​គេ​បាញ់​ពន្លឺភ្លើង​ក្នុង​ទូរស័ព្ទ​របស់​គេ​ចូល​ក្នុង​អាកាស​។​

​កុមារ រ៉ា​យ៉ាន អា​រ៉ា​ម​(Rayan Awram)​អាយុ​៥​ឆ្នាំ បាន​ធ្លាក់​ចូល​ក្នុង​អណ្តូង​ជំរៅ​៣២​ម៉ែត្រ​នៅក្នុង​ភូមិ​អ៊ី​ក​រ៉ា​ន​( Ighran)​ក្បែរ​ទីក្រុង ឆី​ហ្វ​ឆា​វើ​ន​(Chefchaouen)​កាលពី​ថ្ងៃ​អង្គារ​ដោយ​បង្ក​អោយ​​មាន​ការចាប់ផ្តើម​កិច្ចការ​ជួយសង្គ្រោះ​ដ៏​ធំ​ដែល​បាន​ធ្វើ​អោយស្លុង​ពេញ​មួយ​ប្រទេស​។​

​ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​ទីបំផុត​បាន​ចូល​ទៅ​ដល់​កុមារ​រងគ្រោះ​កាលពី​យប់​ថ្ងៃ​សៅរ៍ ក្រោយ​កាយ​ដី​នៅ​ជើង​កូនភ្នំ​និង​ជីក​រូង​ចូល​ទៅ​បាត​អណ្តូង​។​

​ស្តេច ម៉ូ​ហា​ម៉េដ​(Mohammed)​ក៏​បាន​ផ្ញើ​សារ​ចូលរួម​មរណទុក្ខ​ដល់​ឪពុក​ម្តាយ​របស់​ក្មេង​នេះ​។​

​អណ្តូង​នេះ​មាន​មាត់​ត្រឹមតែ​០,៤៥​ម៉ែត្រ​នេះ​តែ​មាន​ជំរៅ​ដល់​ទៅ​៣២​ម៉ែត្រ ដែល​ធ្វើអោយ​ពួក​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​ចុះ​ទៅ​ដោយ​ផ្ទាល់​ដើម្បី​ជួយ​ក្មេង​នេះ​បាន​ភ្លាមៗ​។​

​សាច់ញាតិ​ម្នាក់​បាន​និយាយថា​កាលពី​ថ្ងៃ​សុក្រ​ថា គ្រួសារ​បាន​ដឹងថា​បាត់​ក្មេង​នេះ​ដំបូង​នៅ​ពេល​ពួក​គេ​ឮ​សម្លេង​យំ​និង​បាន​ទម្លាក់​ទូរស័ព្ទ​បើក​ភ្លើង​និង​កាម៉េរ៉ា​ដើម្បី​រក​មើល​វា​។​

​សាច់ញាតិ​នេះ​បានអោយដឹងថា កុមារ​រ៉ា​យ៉ាន អា​រ៉ា​ម​បាន​យំ​និង​និយាយថា «​លើក​ខ្ញុំ​ឡើង​លើ​»​។​

​តំបន់​កូនភ្នំ​ជុំវិញ​ទីក្រុង ឆី​ហ្វ​ឆា​វើ​ន​នេះ ត្រជាក់​ខ្លាំង​នៅ​រដូវរងា ហើយ​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ព្យាយាម​អោយ​ក្មេង​នេះ​នៅ​មាន​ជីវិត​ដោយ​ទម្លាក់​ស្បៀង ទឹក​និង​អុកស៊ីសែន​តាម​បំពង់​មួយ​។​ពួកគេ​​ខិតខំ​ជី​កកាយ​ដី​និង​ជីក​រូង​ពេញ​២៤​ម៉ោង​ឆ្ពោះទៅកាន់​កុមារ​រ៉ា​យ៉ាន ទោះជា​ប្រឈម​នឹង​ការ​រលំ​បាក់​ដី​សង្កត់​ជាប្រចាំ​ក្តី​។​

​ហ្វូង​មនុស្ស​នៅ​រង់ចាំ​មើល​ការងារ​ជួយ​សង្គ្រោះ​នៅ​ពេល​អ្នក​ជួយ​សង្គ្រោះ​ជីក​កាយ​និង​ចូល​ទៅ​ជួយ​ជីវិត​កុមារ​រ៉ា​យ៉ាន​នៅពេល​មនុស្ស​មួយ​ប្រទេស​ក៏​តាមដាន​ហេតុការណ៍​នេះ​។​តែ​នៅ​ពេល​អ្នក​ជួយសង្គ្រោះ​​ចូលដល់ រ៉ា​យ៉ាន អា​រ៉ា​ម បាន​ស្លាប់បាត់​ជាមួយនឹង​របួស​ក្បាល​៕