ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង តែ​ករណី​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ក៏បាន​រកឃើញ​ជា​បន្តបន្ទាប់​។ ក្នុងនោះ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ចូលរួម​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា នៅ​ទីក្រុង​ប៉េកាំង​។​

១- ស្ពាន​អាកាស​ថ្មី​មួយទៀត នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ នៅ​ផ្លូវជាតិ​លេខ​៥

​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមករា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​បើកសម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយ នៅ​ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង​ជិត ១០​លាន​ដុល្លារ​អាមេរិក​។ ការសាងសង់​ស្ពាន​អាកាស​ថ្មី​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា នឹងចូលរួម​ចំណែក​សំខាន់​បន្ថែមទៀត ជួយ​សម្រួល ក៏ដូចជា​ការរំដោះ​ការកកស្ទះ​ចរាចរណ៍ នាពេល​បច្ចុប្បន្ន ក្នុង​រាជធានី​ភ្នំពេញ​។​

២- សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ​កូ​វីត​១៩ បំប្លែង​ថ្មី អូ​មី​ក្រុង ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយ ស្ថិតនៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុចប្រសព្វ​នៃ​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន ចំពោះ​មេរោគ​កូ​វីដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​។​

៣- កំណើន​អាជីវករ និង​ការ​ងាក​ទៅ​បញ្ជា​ទិញ​តាម​អន​ឡាញ ធ្វើ​ឱ​ជ្រូក​ខ្វៃ តាម​ផ្សារ លក់​មិនសូវ​ដាច់

​ជ្រូក​ខ្វៃ ត្រូវបាន​ប្រជាជន​ខ្មែរ កាត់​ចិន​-​វៀតណាម រៀបចំ​ដាក់​សែន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី នៅ​ថ្ងៃទី​៣១ ខែមករា​។ នៅ​ឆ្នាំនេះ នៅតាម​ផ្សារ​នានា ជាពិសេស​ផ្សារ​អូរឫស្សី ក្នុង​រាជធានី​ភ្នំពេញ អ្នកលក់​ជ្រូក​ខ្វៃ​ជាច្រើន បាន​រៀប​លក់​ដង្ហែ​គ្នា តាមផ្លូវ​ជុំវិញ​ផ្សារ​។ អ្នកលក់​ជ្រូក​ខ្វៃ បាន​អះអាងថា ឆ្នាំនេះ ការលក់​ផ្ទាល់​នៅតាម​ទីផ្សារ គឺ​មិនសូវ​ដាច់​ទេ ដោយសារ​អតិថិជន​ភាគច្រើន ងាក​ទៅ​កុម្ម៉ង់​ទិញ តាម​អន​ឡាញ​។​

៤- ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ក្រុមគ្រួសារ​លោក បេន ដែល​ការពារ​ព្រៃឈើ នៅ​ខេត្តព្រះវិហារ​

​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់​ក្រុមគ្រួសារ លោក បេន ជា​ជនជាតិ​អាមេរិក ដែល​បាន​ចូលមក​រស់នៅ និង​ការពារ​ធនធានធម្មជាតិ អស់​ជាច្រើន​ឆ្នាំ​មកហើយ នៅក្នុង​សហគមន៍​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុង​ខេត្តព្រះវិហារ​។ គ្រួសារ​លោក បេន មាន​សមាជិក ៤​នាក់ រួមមាន លោក បេន សញ្ជាតិ​អាមេរិក និង​ប្រពន្ធ ជា​ជនជាតិ​អូស្ត្រាលី រួមទាំង​កូនស្រី ២​នាក់​របស់លោក បេន ដែលមាន​សញ្ជាតិ​អូស្ត្រាលី​។​

៥-​សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១ ខែកុម្ភៈ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Takahashi Fumaiki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​។ លោក​ប្រធាន​សមាគម បាន​ស្នើសុំ​ការអនុញ្ញាត​ពីស​ម្ដេច​តេ​ជោ ដើម្បី​នាំ​ប្រតិភូ​អ្នកវិនិយោគទុន​ជប៉ុន មកកាន់​កម្ពុជា ក្នុងអំឡុង​ខែមេសា​ខាងមុខ​។​

៦-​ស្ថានភាព​ទូទៅ នា​ថ្ងៃទី​១ នៃ​បុណ្យចូលឆ្នាំ​ចិន នៅ​រាជធានី​ភ្នំពេញ ហាក់​មាន​ភាពស្ងប់ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​

​ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ចាប់ពី​ថ្ងៃទី​៣១ ខែមករា រហូតដល់​ថ្ងៃទី​៣ ខែកុម្ភៈ នៅ​រាជធានី​ភ្នំពេញ ចរាចរណ៍​តាមផ្លូវ ហាក់​មាន​ភាពស្ងប់ស្ងាត់​ជាង​សព្វដង ខណៈ​ក្រុមហ៊ុន ក៏ដូចជា​ហាង​លក់ទំនិញ​មួយចំនួន បាន​បិទទ្វារ មិន​ប្រកប​អាជីវកម្ម​របស់ខ្លួន​ឡើយ​។ ស្រប​ជាមួយគ្នានេះ នៅតាម​បណ្តា​គ្រឹះ​សា្ថ​ន​សិក្សា​ឯកជន​មួយចំនួន ក៏បាន​អនុញ្ញាតឱ្យ​សិស្សានុសិស្ស ឈប់សម្រាក​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន​នេះ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ គឺ​នៅតែ​បើក​ដំណើរការ​ធម្មតា​។​

៧-​ព្រះមហាក្សត្រ យាង​ទៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក នៅ​ប៉េកាំង

​ដូច​ការគ្រោងទុក នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ទៅកាន់​ប្រទេស​ចិន ដើម្បី​ចូលរួម​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ និង​រដូវរងារ នៅ​ទីក្រុង​ប៉េកាំង​។ រហូតដល់​ថ្ងៃទី​៥ ខែកុម្ភៈ ទើប​ស្ដេចយាង​មាតុភូមិនិវត្តន៍​។ ប្រទេស​ចិន បានរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ និង​រដូវរងារ​ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានឱ្យដឹងថា ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​កម្ពុជា គឺ​សក្ខីភាព​ប្រវត្តិសាស្ត្រ ដែល​រដ្ឋធានី​ប៉េកាំង ក្លាយជា​ទីក្រុង​លើកដំបូង ក្នុងការ​រៀបចំ​កីឡា​អូឡាំពិក​ទាំង​រដូវក្តៅ និង​រដូវរងារ​នេះ​។​

៨-​កម្ពុជា សម្រេច​មិន​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា ចូលរួម​ប្រជុំ​មន្ត្រី​ការបរទេស​អាស៊ាន​ទេ​
​កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន បានសម្រេច​មិន​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា មក​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នា​កំឡុង​ពាក់​ខែកុម្ភៈ​នេះឡើយ​។ យ៉ាងណាក៏ដោយ មី​យ៉ាន់​ម៉ា អាច​ចាត់​តំណាង ដែលមាន​សមាស​ភាពមិន​ពាក់ព័ន្ធ​នឹង​នយោបាយ មក​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​។​

៩- កងទ័ពជើងគោក​កម្ពុ​ជា​-​ថៃ ចុះហត្ថលេខា​រួមគ្នា​លើ “​លក្ខខណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការ​” ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព

​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ រយៈពេល ២​ថ្ងៃ នៅ​កម្ពុជា​។ នៅក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នេះ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ មេបញ្ជាការ​កងទ័ពជើងគោក​ថៃ ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។ ក្នុងជំនួប​នោះ មេបញ្ជាការ​កងទ័ពជើងគោក ទាំង ២​ប្រទេស បានសម្រេច​ចុះហត្ថលេខា​រួមគ្នា លើ​លក្ខខណ្ឌ ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុង​គោលបំណង ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

១០-​សេចក្តីព្រាងច្បាប់ ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ ត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ​អនុម័ត​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៤ ខែកុម្ភៈ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​។ កិច្ចប្រជុំ​ដោយផ្ទាល់ នៅ​វិមាន​សន្តិភាព បានអនុម័ត​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពី «​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​»​។

១១-​ព្រះមហាក្សត្រ លើកឡើង​អំពី​គុណ​តម្លៃ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា នៅ​ចិន

​មុនពេល​យាង​បំពេញ​ព្រះរាជកិច្ច ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​៣​កុម្ភៈ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជបន្ទូល តាម​សំណេរ​ព្រះរាជទាន ជូន​សារព័ត៌មាន​ចិន​ស៊ីន​ហួរ អំពី​គុណ​តម្លៃ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក​។ ព្រះករុណា ព្រះមហាក្សត្រ បាន​យាង​ចាក​ចេញពី​ភ្នំពេញ ទៅ​ចូលរួម​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​៣​កុម្ភៈ ហើយ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ព្រះអង្គ​យាង​មាតុ​និវត្ត មកកាន់​មាតុប្រទេស​វិញ​។​

១២- ក្រសួងសុខាភិបាល​៖ បាតុករ​ម្នាក់ ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឆ្លង​កូ​វីដ​១៩ អូ​មី​ក្រុង

​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​បាតុករ​ម្នាក់ ក្នុងចំណោម​បាតុករ​ជាច្រើន​នាក់ ដែល​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ បាន​ឆ្លង​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី អូ​មី​ក្រុង​។ ក្រសួងសុខាភិបាល បាន​តម្រូវអោយ​ក្រុមបាតុករ​ទាំងអស់ ប្រញាប់​ទៅយក​សំណាក ដើម្បី​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​១៩ នៅ​ទីតាំង​កោះ​ពេជ្រ ដែល​អាជ្ញាធរ បានរៀបចំ​ជូន​ក្នុង​រយៈពេល ៣​ថ្ងៃជា​កំហិត គិតពី​ថ្ងៃទី​៤ ខែកុម្ភៈ​។​

១៣-​សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ដល់​រាជធានី​ខេត្ត ឲ្យ​ចារឹក​អក្សរ​ជា ៣​ភាសា គឺ​ខ្មែរ​-​វៀតណាម​-​អង់គ្លេស នៅលើ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​លិខិត ណែនាំ​ឲ្យ​គ្រប់​រាជធានី​ខេត្ត នៅ​ទូទាំងប្រទេស ត្រូវ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ព្រមទាំង​ចារឹក​អក្សរ​ជា ៣​ភាសា គឺ​ខ្មែរ​-​វៀតណាម​-​អង់គ្លេស​។ ការ​ចារឹក​នូវ​អត្ថន័យ​នៃ​សច្ច​ភាពជា​ប្រវត្តិសាស្ត្រ​លើ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ដែល​បាន​សាងសង់ឡើង នៅតាម​បណ្តា​រាជធានី​ខេត្ត ដោយ​ត្រូវ​ឆ្លាក់​តួអក្សរ​ឲ្យ​បាន​ច្បាស់ ដើម្បី​ឲ្យ​សាធារណជន អាច​មើលឃើញ និង​អាន​បាន​។ ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម ដែល​ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់ នៅតាម​រាជធានី​-​ខេត្ត​នៅ​កម្ពុជា ដើម្បី​ជា​និមិត្តរូប និង​ជាការ​ចងចាំ​នូវ​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការជួយ​ឧបត្ថម្ភគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ដែលជា​ប្រទេសជិតខាង​នឹង​គ្នា ក្នុង​បុព្វហេតុ​នៃ​ការនាំមក​នូវ​សុខសន្តិភាព នៃ​ប្រទេស​នីមួយៗ​។​

១៤-​កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ប្រភេទ​អូ​មី​ក្រុង កើនឡើង​ដល់ ១២២១​នាក់​

​នៅក្នុង​សប្តាហ៍​នេះ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ប្រភេទ​អូ​មី​ក្រុង ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ចាប់តាំងពី​ដើមខែ​មករា គឺ​កម្ពុជា មិនមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ ទៀតឡើយ​។ យ៉ាងណាក៏ដោយ គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ ករណី​អូ​មី​ក្រុង ឆ្លង​ក្នុង​សហគមន៍ នៅក្នុង​ប្រទេស​កម្ពុជា​យើង បាន​កើន​ឡើងដល់ ៦៩៣​នាក់​ហើយ ខណៈដែល​ករណី​ឆ្លង​អូ​មី​ក្រុង ដែល​នាំចូល​ពី​ក្រៅប្រទេស ក៏បាន​ឡើងដល់ ៥២៨​នាក់​។ ជារួម គិត​ត្រឹម​ថ្ងៃទី​៤ ខែកុម្ភៈ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ១២១ ៦៦២​នាក់​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ១១៨ ០២៣​នាក់ និង​ស្លាប់​សរុប​ចំនួន ៣០១៥​នាក់​៕​សរ​