ប្រែសម្រួលៈបំណង/មូស្គូ(ដេល្លីម៉េល,អេភី)៖ រុស្ស៊ីកាលពីថ្ងៃសៅរ៍ទី៥កុម្ភៈ បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយដែលអាចផ្ទុកគ្រាប់បែកនុយគ្លេអ៊ែរទៅហោះពីលើប្រទេសបេឡារូសចំពេលមានភាពតានតឹងកាន់តែរាលដាលអំពីបញ្ហាអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះTu-22M3ចំនួនពីរគ្រឿងបានហោះសម្របសម្រួលជាមួយកងកម្លាំងអាកាសនិងការពារដែនអាកាសបេឡារូសក្នុងអំឡុងបេសកកម្ម៤ម៉ោង។ការហោះនេះកើតឡើងក្រោយការហោះល្បាតស្រដៀងគ្នាលើបេឡារូស ដែលជាប់នឹងអ៊ុយក្រែន។
Tu-22M3ចំនួនពីរគ្រឿងបានហោះលើបេឡារូសកាលពីថ្ងៃសៅរ៍នៅពេលទ័ពជើងគោកបន្តធ្វើសមយុទ្ធក្បែរព្រំដែនអ៊ុយក្រែន
វាក៏កើតឡើងចំពេលរដ្ឋាភិបាលវិមានក្រឹមឡាំងចល័តទ័ពពីតំបន់ស៊ីបេរីនិងចុងបូព៌ាទៅបេឡារូសដើម្បីធ្វើសមយុទ្ធរួមគ្នាដ៏ធំបំផុត។ការចល័តទ័ពនេះនាំអោយរុស្ស៊ីកាន់តែបង្កើនកម្លាំងទ័ពនៅក្បែរព្រំដែនអ៊ុយក្រែន និងនាំអោយលោកខាងលិចបារម្ភកាន់តែខ្លាំងក្រែងរុស្ស៊ីចូលឈ្លានពានប្រទេសក្បែរខាងខ្លួន។
រុស្ស៊ីបានបដិសេធម្តងហើតម្តងទៀតថា ខ្លួនមិនមានផែនការវាយប្រហារចូលអ៊ុយក្រែនទេ តែបានសុំអោយអាម៉េរិកនិងសម្ពន្ធមិត្តក្នុងអង្គការណាតូសន្យាថាពួកគេនឹងមិនទទួលយកអ៊ុយក្រែនជាសមាជិកអង្គការណាតូ មិនដាក់ពង្រាយសព្វាវុធវាយប្រហារហើយនឹងមិនដាក់កម្លាំងណាតូនៅអឺរ៉ុបខាងកើត។ទោះជាយ៉ាងណា ទាំងអាម៉េរិកនិងណាតូបានបដិសេធការទាមទារបែបនេះ។
ពួកលោកខាងលិចឥឡូវទាមទារអោយរុស្ស៊ីដកទាហានប្រមាណ១០០.០០០នាក់ចេញពីតំបន់ក្បែរអ៊ុយក្រែន តែរដ្ឋាភិបាលវិមានក្រឹមឡាំងបានឆ្លើយតបថាខ្លួនដាក់ទាហានត្រង់ណាក៏បានអោយតែវាស្ថិតក្នុងទឹកដីរបស់ខ្លួន។នៅពេលភាពតានតឹងអំពីអ៊ុយក្រែនកាន់តែឡើងកំដៅ យោធារុស្ស៊ីបានធ្វើសមយុទ្ធបន្តបន្ទាប់ទាំងក្នុងប្រទេសនិងនៅបេឡារូសចាប់ពីសមុទ្រអាកទិចដល់សមុទ្រខ្មៅ។
ការចល័តទ័ពទៅកាន់បេឡារូសនាំអោយមានការព្រួយបារម្ភថា រុស្ស៊ីអាចធ្វើការវាយប្រហារអ៊ុយក្រែនចេញពីទិសខាងជើង ដោយសារពីព្រំដែនបេឡារូសទៅទីក្រុងគៀវរបស់អ៊ុយក្រែន ជិតជាងពីព្រំដែនរុស្ស៊ីទៅទីក្រុងគៀវ។
នៅប៉ុន្មានខែថ្មីៗនេះ រុស្ស៊ីបានធ្វើសមយុទ្ធរួមជាមួយបេឡារូសជាបន្តបន្ទាប់ និងបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ដែលអាចផ្ទុកគ្រាប់បែកនុយគ្លេអ៊ែរទៅល្បាតលើបេឡារូសដែលនៅជាប់សមាជិកអង្គការណាតូគឺប៉ូឡូញ ,លីយទុយអានីនិងឡាតវី ។
អាជ្ញាធរបេឡារូសរបស់ប្រធានាធិបតី អាឡិចសង់ឌ័រ លូកាសេនកូ បានអំពាវនាវអោយមានទំនាក់ទំនងជិតស្និទ្ធឡើងជាមួយរដ្ឋាភិបាលក្រុងមូស្គូ និងកាលពីពេលថ្មីៗសុំអោយរុស្ស៊ីដាក់តាំងសព្វាវុធនុយគ្លេអ៊ែរ ថែមទៀត។
កាលពីថ្ងៃសៅរ៍ កាសែតអាឡឺម៉ង់ប៊ីល(Bild)បានចេញផ្សាយរបាយការណ៍មួយដោយចោទប្រកាន់ថា រុស្ស៊ីប្រុងវាយប្រហារអ៊ុយក្រែនពីច្រើនទិសដោយចាប់យកទីក្រុងធំៗនិងលើកបន្តុបរដ្ឋាភិបាលអាយ៉ងមួយ។ ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានច្រានចោលការចោទប្រកាន់នេះ។
ប្រជាជនក្នុងក្រុងខាគីវ និងទាហានអ៊ុយក្រែននៅក្រុងគៀវហ្វឹកហាត់ត្រៀមដើម្បីទទួលការឈ្លានពាន
នៅពេលមានភ័យខ្លាចអំពីការផ្ទុះសង្គ្រាមកាន់តែកើនឡើង អាជ្ញាធរអ៊ុយក្រែនបានកេណ្ឌប្រជាជនមកហ្វឹកហាត់សំរាប់ការពារភូមិស្រុក។នៅទីក្រុងខាគីវ(Kharkiv)ចម្ងាយ២៥គីឡូម៉ែត្រខាងត្បូងព្រំ់ដែនរុស្ស៊ី មនុស្សរាប់ពាន់នាក់បាននាំគ្នាចេញមកតាមដងផ្លូវកាលពីថ្ងៃសៅរ៍ ដោយកាន់បដាពណ៌លឿងខៀវដ៏ធំ ដែលជាពណ៌ទង់ជាតិអ៊ុយក្រែន ក្នុងការបង្ហាញកាតប្តេជ្ញាចិត្តការពារទីក្រុងនេះពីការឈ្លានពានរបស់កម្លាំងបរទេស៕