ភ្នំពេញ​ :​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញអនុក្រឹត្យសម្រេច​ផ្ទេរភារកិច្ច​លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ពី​ អគ្គ​នាយក​រង​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ទៅជាទីប្រឹក្សា​ក្រសួងមហាផ្ទៃ​ មានឋានៈស្មេី​អគ្គនាយករង​ ។ នេះបេីយោងតាមអនុក្រឹត្យចុះថ្ងៃទី៣​ ខែកុម្ភ:​ ឆ្នាំ២០២២។

ការផ្ទេរ​ភារកិច្ចលោកឧត្តមសេនីយ៍ឯក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អគ្គនាយករងពន្ធនាគារ នៃក្រសួងមហាផ្ទៃ បន្ទាប់ពីជនរងគ្រោះប្តឹងពីបទឆបោកលុយជាង ៧ម៉ឺនដុល្លារ ជាថ្នូររត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច ហើយគេចមិនព្រមប្រគល់លុយឲ្យជនរងគ្រោះវិញ។

បើយោងតាមបានពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ប្តឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គឺបានប្ដឹងលោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា អាយុ៥១ឆ្នាំ មានតួនាទីជាអគ្គនាយករងពន្ធនាគារ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១១៥ ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពីបទឆបោកប្រាក់ចំនួន ៧១.០០០ដុល្លារ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា បានអះអាងថា ក្រសួងមហាផ្ទៃត្រូវការជ្រើសរើសក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២០ ជាច្រើននាក់ ហើយជនរងគ្រោះក៏បានទំនាក់ទំនងជាមួយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា ថា បើមានការជ្រើសរើសមែននោះជនរងគ្រោះនឹងមានបងប្អូនមិត្តភក្តិចំនួន៧នាក់ដែលពួកគាត់ចង់ចូលបម្រើការងារក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា តម្រូវឲ្យបង់ប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារដើម្បីយកទៅធ្វើបែបបទជូនថ្នាក់លើឲ្យចូលក្របខ័ណ្ឌពេញសិទ្ធ ដោយ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា បានសន្យាថា ក្របខ័ណ្ឌនេះរយៈពេល២ទៅ៣ខែបានចូលក្របខ័ណ្ឌពេញសិទ្ធហើយ ។ ក្រោយពីស្ដាប់ការអះអាងរបស់លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា រួចហើយ ជនរងគ្រោះបានប្រមូលលុយពីបងប្អូនមិត្តភក្តិទាំង៧នាក់នេះ យកទៅឲ្យលោក អ៊ិន រស្មីឫទ្ធា ដែលក្នុងកិច្ចសន្យាទទួលប្រាក់ដោយមានស្នាមមេដៃរបស់លោក អ៊ិន រស្មីឫទ្ធា តែដាក់ឈ្មោះ សុខ វ៉ាន់នា ទៅវិ។ ជនរងគ្រោះមិនមានការសង្ស័យអ្វីឡើយ ដោយគាត់ធានាអះអាងថា គាត់មានឋានន្តរស័ក្តិផ្កាយ៣ រឿងអ្វីខ្លាចគាត់បោកប្រាស់នោះ ។ ពេលនោះជនរងគ្រោះបានប្រគល់លុយឲ្យ ចំនួន ៧ម៉ឺនដុល្លារ។ ដោយគាត់សន្យាថា បើរត់ការមិនបានគាត់នឹងឲ្យប្រាក់គ្រប់ចំនួនវិញដោយគ្មានបាត់មួយរៀលឡើយ ។ ប៉ុន្តែក្រោយពីបានទទួលប្រាក់ហើយរហូតមកដល់បច្ចុប្បន្នជាង១២ខែ ហើយ មិនឃើញមានលទ្ធផលអ្វីឡើយ ហើយជនរងគ្រោះបានទំនាក់ទំនងទៅ លោក អ៊ិន រស្មីឫទ្ធា ហៅ សុខ វ៉ាន់នា តែគាត់ចេះតែកុហកថ្ងៃនេះថ្ងៃនោះ រហូត ហើយពេលទូរស័ព្ទទៅគាត់មិនលើក ថែមទាំងបានគេចខ្លួនបិទទូរស័ព្ទរហូតមកដល់បច្ចុប្បន្ន៕សរន