ដោយ:ដេប៉ូ/ភ្នំពេញ:នៅក្នុងអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញសម្បុកសត្វត្រដក់តូចចំនួន១៦សម្បុក និងញាស់បានកូនចំនួន១៩ក្បាល។

ការរកឃើញនេះដោយក្រុមអ្នកកិច្ចការអភិរក្សក្នុងដែនជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន  និងក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ។
ការសិក្សានេះដើម្បីស្វែងរកសម្បុកពងកូនរបស់ប្រភេទសត្វកម្រក្នុងរដូវបន្តពូជ និងបានបង្កើតកម្មវិធីការពារសំបុកសត្វ ដើម្បីការពារ និងអភិរក្សប្រភេទនេះឱ្យនៅគង់វង្ស។

គួរបញ្ជាក់ថាសកម្មភាពការពារសម្បុកពងកូននេះ ជាលទ្ធផលនៃកិច្ចសហការពីប្រជាសហគមន៍មូលដ្ឋានក្រោមការគាំទ្រពីគម្រោង CAMPAS និងគម្រោងរេដបូក កែវសីមា ដែលអនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរ និង នាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា ការពារព្រៃឈើ និងសត្វព្រៃកម្រជិតផុតពូជ ដោយការមិនបរិភោគសាច់សត្វព្រៃ មិនបរបាញ់ មិនដាក់អន្ទាក់ និងមិនដាក់ថ្នាំបំពុល។

គួរបញ្ជាក់ថាសត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ«ងាយរងគ្រោះ»នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ន សត្វស្លាបប្រភេទនេះ កំពុងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិជាច្រើន រួមទាំងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។ រដូវពងកូនរបស់វាចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញារហូតដល់ពាក់កណ្តាលខែកុម្ភៈ៕សរន