ដោយៈដេប៉ូ/ភ្នំពេញៈលោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន បានថ្លែងថាការរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកសាងអំពើល្អ នាំឲ្យគណបក្សទទួលបានជ័យជម្នះជានិច្ច។

ការថ្លែងរបស់ លោក អ៊ិត សំហេង បែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ ប្រចាំខណ្ឌចំការមន នាអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដើម្បីផ្តល់នូវអនុសាសន៍ណែនាំក្នុងការសិក្សាស្វែងយល់ ក្តាប់ព័ត៌មានបន្ថែមនៅមូលដ្ឋាន និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្ត ដើម្បីដណ្តើមបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ខាងមុខ។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ទាំង៥ របស់ខណ្ឌចំការមន និងបានស្នើឲ្យរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ តម្កល់ផលប្រយោជន៍ជាតិជាធំ  និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់គណបក្ស ដែលសកម្មភាពអស់ទាំងនេះនឹងនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើការបោះឆ្នោតរៀងរហូតមក៕សរន