ដោយៈ​បូកគោ​/​កំ​ពតៈ​តំណាងរាស្ត្រ​មណ្ឌល​កំពត​បាន​ជូន​រង្វាន់​លើកទឹកចិត្ត​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២១​ទូទាំង​ខេត្ត​ប្រមាណ​ជាង​៣.៥០០​នាក់​។​ក្នុងនោះ​សិស្ស​ជ័យលាភី​ចំណាត់ថ្នាក់​និទ្ទេស​អេ​(A) ចំនួន​៧៥​នាក់​បានទទួល​ម៉ូតូ​ម្នាក់​មួយគ្រឿង​។ ពិធី​ផ្តល់រ​ង្វាន់​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ខេត្តកំពត​។​

​សំណេះសំណាល​ក្នុង​ពិធី​ខាងលើ លោក ប៉ែន ស៊ីម៉ន​តំណាងរាស្ត្រ​មណ្ឌល​កំពត​និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ រដ្ឋសភា​បាន​មានប្រសាសន៍ថា​យុវជន​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ៍​សង្គម​។​ម្ល៉ោះហើយ​នៅពេល​ស្វែងរក​ចំណេះដឹង​បន្ត​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ក្មួយៗ​ជា​និស្សិត​គ្រប់រូប​ត្រូវខិតខំ​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រទេសជាតិ​។​

​លោក តាក ហាប់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពត​បាន​រាយការណ៍​ថា ក្នុងសម័យ​ប្រឡង​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ បេក្ខជន​បានដាក់​ពាក្យ​សរុប​៥.០៣០​នាក់ ប៉ុន្តែ​បានមក​ប្រឡង​ចំនួន​៤.៨៩៩​នាក់​ប៉ុណ្ណោះ​។ ជា​លទ្ធផល​បេក្ខជន​បាន​ប្រឡង​ជាប់​មាន​ចំនួន​៣.៥៨៩​នាក់ ស្មើនឹង​៧៣,២៦​ភាគរយ​។ ក្នុងនោះ​សិស្ស​ទទួល​ចំណាត់ថ្នាក់​និទ្ទេស អេ​(A )​ចំនួន​៧៥​នាក់ ,​និទ្ទេស ប៊ី​(B )​ចំនួន​២០២​នាក់ ,​និទ្ទេស ស៊ី​(C )​ចំនួន​៥៥៩​នាក់​, និទ្ទេស​ឌី​( D) និង​អ៊ី​(E )​មាន​ចំនួន​២.៧៥៣​នាក់​៕​សរន