ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:លោក សាយណូរ៉ា អនុប្រធានសហព័ន្ធកឡាការ៉ាតកម្ពុជាថ្លែងថាសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រមការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២១ ដែលបាន បញ្ចប់នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ គឺដើម្បី លើកកម្ពស់សមត្ថភាពអាជ្ញាកណ្ដាល ចៅក្រមការ៉ាតេថ្នាក់ជាតិ និងប្រមែលប្រមូលនូវធនធានអាជ្ញាកណ្ដាល-ចៅក្រមឱ្យមានសក្តានុពល ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ នាខែមីនា ឆ្នាំ២០២២ និងត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្តដំបូងរបស់កម្ពុជា។

លោកបន្ដថា ឆ្លងតាមរបាយការណ៍របស់ លោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបង្ហាញ ថា វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាលចៅក្រមការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២១នេះ សិក្ខាកាមមានការចេះដឹងច្បាស់លាស់ល្អ មានការវិវឌ្ឍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទាំងផ្នែកបរិមាណ និងគុណភាព ដោយទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរ គួរជាទីមោទន។

លទ្ធផលនៃ នេះ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាពចំណេះដឹងបទពិសោធន៍និងទេពកោសល្យរបស់សិក្ខាកាមដែលជាអាជ្ញាកណ្ដាល-ចៅក្រមដែលបានធ្វើការហ្វឹកហាត់រៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ក្នុងឱកាសដ៏ថ្លៃថ្លានេះលោកអនុប្រធានបានផ្ដាំផ្ញើនូវចំណុចមួយចំនួនដល់អាជ្ញាកណ្ដាល-ចៅក្រម គណៈកម្មការ បច្ចេកទស គ្រូបង្វឹក ត្រូវលើកកម្ពស់ស្មារតីចំពោះកិច្ចការនេះ តាមរយៈការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍វិស័យកីឡាការ៉ាតកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងនាមសហព័ន្ធលោកក៏ថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានជួយជ្រោមជ្រែងឧបត្ថម្ភឲ្យមានវគ្គបណ្តុះបណ្តាលនេះកើតឡើង ដើម្បីប្រមូលធនធានអាជ្ញាកណ្ដាល ចៅក្រមដែលមានសក្តានុពល និងទេពកោសល្យ ក្នុងការត្រៀម លក្ខណៈសម្បត្តិក្នុងដំណើរឆ្ពោះទៅរកជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣។

លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបញ្ជាក់ថា វគ្គបណ្តុះ បណ្តាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាការ៉ាតថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះបានដំណើរការរយៈពេល៣ថ្ងៃ (០៤-០៦ ខែកុម្ភៈ ឆ្នាំ២០២២) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានសិក្ខាកាមចំនួន២៥នាក់ (នារី១២នាក់) មកពីសាលាគុន សមាគម និងក្លិបចំនួន៩ ក្រោមការបង្ហាត់បង្រៀនពីគ្រូឧទ្ទេស អ្នកគ្រូ ថា ថារី អាជ្ញាកណ្តាល-ចៅក្រមការ៉ាតេអាស៊ីកម្រិត A និងគ្រូជំនួយ លោក ថាំង វិបុល លោកគ្រូ យ៉េក លីអេង ដែលជាអាជ្ញាកណ្តាល-ចៅក្រម ការ៉ាតេអាស៊ី កម្រិត B ។ចំពោះលទ្ធផលនៃវគ្គបណ្តុះ បណ្តាលនេះ មានសិក្ខាកាមចំនួន១៧នាក់ ទទួលបាននិទ្ទេសល្អ និង៤នាក់ ល្អបង្គួរ និង៤នាក់ទៀត ទទួលបាននិទ្ទេសមធ្យម។


លទ្ធផលដែលសម្រេចបានជោគជ័យនាពេលនេះ គឺបានដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាដែលបានផ្តល់នូវអ្វីៗគ្រប់យ៉ាងតាមសំណើ និងសំណូមពរ ចំពោះវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រមកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២១នេះ ជាពិសេសបានផ្តល់នូវកម្លាំចិត្ត បញ្ញាស្មារតី សម្ភារ និងថវិកាដើម្បីឲ្យដំណើរការនៃវគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលគួរជាទីមោទន។ ពិសេសជាងនេះទៅទៀតវគ្គបណ្តុះបណ្តាលនេះ ជាការត្រៀមលក្ខណៈសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕សរន