​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អភិបាល​រដ្ឋធានី​របស់​កាណាដា​បានប្រកា​ស​ស្ថានភាព​អាសន្ន​កាលពី​ថ្ងៃអាទិត្យ​ទី​៦​កុម្ភៈ ហើយ​អតីត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កាណាដា​បាន​និយាយថា ក្រុម​នានា​នៅក្នុង​សហរដ្ឋ​អាម៉េរិក​ត្រូវតែ​បញ្ឈប់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជិតខាង​របស់​អាម៉េរិក ខណៈ​ក្រុម​បាតុករ​ប្រឆាំង​នឹង​ការ​រឹតបន្តឹង​ទប់ស្កាត់​កូវី​ដ​១៩​បាន​បន្ត​ធ្វើ​​ឱ្យ​ទីក្រុង​អូ​តា​វ៉ា​ជាប់គាំង​។​

​អភិបាល​ក្រុង​លោក ជី​ម វ៉ាត​សុន (Jim Watson)​បាន​និយាយថា ការប្រកាស​នេះ​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការគាំទ្រ​ពី​យុត្តាធិការ និង​កម្រិត​រដ្ឋាភិបាល​ផ្សេង​ទៀត​។​វា​ផ្តល់​ឱ្យ​ទីក្រុង​នូវ​អំណាច​​បន្ថែម​មួយចំនួន​ជុំវិញ​លទ្ធកម្ម​និង​របៀប​ដែល​ខ្លួន​ផ្តល់​សេវាកម្ម ដែល​អាច​ជួយ​ទិញ​ឧបករណ៍​ត្រូវការ​ចាំបាច់ ដែល​ទាមទារ​ដោយ​បុគ្គលិក​ជួរមុខ​និង​អ្នក​ឆ្លើយតប​ដំបូង​។​

​បាតុករ​រាប់ពាន់​នាក់​បាន​ចុះ​មក​ដល់​ទីក្រុង​អូ​តា​វ៉ា​ម្តង​ទៀត​កាលពី​ចុង​សប្តាហ៍ ដោយ​បាន​ចូលរួម​ជាមួយ​បាតុករ​រាប់រយ​នាក់​ដែល​នៅ​សេសសល់​តាំងពី​ចុង​សប្តាហ៍​មុន​។​អ្នកស្រុក​នៅ​ទីក្រុង​អូ​តា​វ៉ា​​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​សំឡេង​ស៊ី​ផ្លេ ការរំខាន​ចរាចរណ៍ និង​ការយាយី ហើយ​ការភ័យខ្លាច​គ្មាន​ទីបញ្ចប់​គឺ​នៅ​តែ​មើល​ឃើញនឹងភ្នែក បន្ទាប់​ពី​មេ​ប៉ូលិស​ក្រុង​បាន​ហៅ​ការតវ៉ា​នេះ​ថា​ជា “​ការឡោមព័ទ្ធ​” ដែល​មិន​អាច​គ្រប់គ្រង​បាន​។​

“​ក្បួន​រថយន្ត​សេរីភាព​” បាន​ទាក់ទាញ​ការគាំទ្រ​ពី​មនុស្ស​មកពី​គណបក្ស​សាធារណរដ្ឋ​ជាច្រើនរូប​នៅ​សហរដ្ឋ​អាម៉េរិក រួម​ទាំង​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ហៅ​នាយករដ្ឋមន្ត្រី ចា​ស្ទីន ទ្រូ​ដូ ថា​ជា “​មនុស្ស​ឆ្កួត​ឆ្វេង​និយម​” ដែល​បាន “​បំផ្លាញ​ប្រទេស​កាណាដា​ជាមួយ​នឹង​សេចក្តី​បង្គាប់​ស្តី​ពី​កូវី​ដ​ដ៏​ឆ្កួត​លី​លា​”​។​

​លោក​ព្រូស ហេ​មែន (Bruce Heyman) ជា​អតីត​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា បាន​សរសេរ​នៅលើ Twitter ថា​”​ទំនាក់ទំនង​កាណាដា​-​សហ​​រដ្ឋ​អាម៉េរិក​ធ្លាប់តែ​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ជា​ចម្បង​។ ជា​អកុសល​ថ្ងៃនេះ​កាណាដា​កំពុង​ជួបប្រទះ​អ្នកនយោបាយ​អាម៉េរិក​ជ្រុលនិយម​យក​ខ្លួន​ពួក​គេ​មក​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​កាណាដា​។ ត្រាំ​និង​អ្នកដើរ​តាម​គាត់​គឺជា​ការគំរាមកំហែង​មិន​ត្រឹមតែ​ចំពោះ​សហរដ្ឋ​អាម៉េរិក​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​ទៀត​ផង​”​។

​លោក​ហេ​មែន​បាន​និយាយថា “​ក្រោម​កាលៈទេសៈ​ណា​ក៏​ដោយ​មិន​គួរ​មាន​ក្រុម​ណាមួយ​នៅ​សហរដ្ឋ​អាម៉េរិក​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​រំខាន​នៅក្នុង​ប្រទេស​កាណាដា​នោះ​ឡើយ​។ ខ័ណ្ឌ​ចប់​”៕

​បាតុករ​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​អូ​តា​វ៉ា​ប្រឆាំង​ការ​រឹតបន្តឹង​ទប់ស្កាត់​កូវី​ដ​១៩​ដ៏​តឹងរ៉ឹង