ដោយ​: បូកគោ​/​កំ​ពតៈ ទូក​ទេសចរណ៍​មួយគ្រឿង ត្រូវបាន​ភ្លើង​ឆាបឆេះ កាលពី​យប់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ និង​អ្នកក្រុង​កំពត​។ ហេតុការណ៍​នេះ បាន​កើតឡើង​ត្រង់ចំណុច​ចំណតទូក​ដឹក​ភ្ញៀវទេសចរ​ស្ថិតក្នុង​ទឹកដី​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។​

​លោក​អធិការនគរបាល​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា ទូក​ទេសចរណ៍​ខាងលើ​ឈ្មោះ​វី​បូ​ឡា ត្រូវ​ភ្លើង​ឆេះ​ពេល​បម្រុង​ដឹក​ភ្ញៀវ​កម្សាន្ត​ក្នុង​ដងព្រែក​កំពង់បាយ​។ ភ្លាមៗ លោក​បាន​រាយការណ៍​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្ត​ដើម្បី​សុំ​កម្លាំង​ជំនួយ និង​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​ក្នុងករណីនេះ ដោយ​ចំណាយពេល​ជាង​មួយ​ម៉ោង​ក្រោម​ការប្រើប្រាស់​រថយន្ត​ពីរ​គ្រឿង​របស់​ស្នងការដ្ឋាន​ចំណាយ​ទឹក​អស់បី​ស៊ីទែន ភ្លើង​ក៏បាន​រលត់ទៅវិញ​ជា​ស្ថាពរ​។

​លោ​កក​អធិការ​បាន​បន្តថា មុន​កើតហេតុ​អ្នកបម្រើ​ការងារ​ម្នាក់​បាន​ចុះទៅ​ក្នុង​ឃ្លុប​បញ្ឆេះ​ម៉ាស៊ីនភ្លើង​បំភ្លឺ​ដើម្បី​ចេញដំណើរ​ជូន​ភ្ញៀវ​លម្ហែ​កម្សាន្ត​។ ស្របពេលនោះ​ស្រាប់តែ​ភ្លើង​ចាប់​ឆាបឆេះ​អាច​បណ្តាលមកពី​មាន​ប្រេង​កំពប់​ក្បែរ​ម៉ាស៊ីន​ទើប​ស្រែកប្រាប់​ភ្ញៀវ​ឱ្យ​នាំគ្នា​ចាក​ចេញពី​ទូក​ភ្លាមៗ​។ លោក​អះអាងថា នេះ​គ្រាន់តែ​ជាការ​បញ្ជាក់​បឋម​ពី​អ្នកមើល​ការងារ​ទូក​កើតហេតុ​ប៉ុណ្ណោះ លម្អិត​យ៉ាងណា សមត្ថកិច្ច​នឹង​តាមដាន​ស្រាវជ្រាវ​បន្ត​។ ចំណែក​ទំហំ​នៃ​ការខូចខាត​ក៏​មិនទាន់​អាច​ប៉ាន់ប្រមាណ​ដឹង​នៅឡើយ​។ រីឯ​ភ្ញៀវទេសចរ ក៏ដូចជា​អ្នកបម្រើ​ការងារ​នៅលើ​ទូក​ទាំងអស់​មិនមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ទេ​៕​