ដោយ:ដេប៉ូ/ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងថា មន្ត្រីរាជការត្រូវប្រកាន់ភ្ជាប់ការគោរពឋានានុក្រមការងារ និងអនុវត្តនូវការរៀបចំនិងប្រព្រឹត្តទៅរបស់អង្គភាពខ្លួន ជាពិសេសត្រូវចាត់ទុកខ្លួនថាជាកូនចៅរបស់ប្រជាជន ដែលរស់នៅជាមួយប្រជាជន ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។
ការថ្លែងរបស់ លោក រដ្ឋមន្ត្រី ក្រសួងបរិស្ថានបែបនេះធ្វើឡើងនាឱកាសចុះជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមន្ត្រីឧទ្យានុរក្ស និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានក្រចេះកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។
លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីជាការលើកស្ទួយជីវភាពប្រជាសហគមន៍បន្ថែម យើងអាចធ្វើបាន តាមរយៈការលើកទឹកចិត្តឱ្យពួកគាត់ដាំដំណាំរួមផ្សំបន្ថែម ឬបន្លែបង្ការប្រចាំថ្ងៃ ការជំរុញឱ្យមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រ ផ្សព្វផ្សាយ និងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើមបន្ថែមលើយន្តការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលសំដៅលើការពង្រឹងការគ្រប់គ្រងសំណល់រឹងសំរាម និងចលនាសាលាមេត្រីបរិស្ថាន ក៏ដូចជាអារាមបរិស្ថាន៕