ប្រែ​សម្រួលៈ​បំណង​/​ប៉េកាំង​(​វេ​អិន​អិ​ច​ស្ព្រេ​ស​,​ដេល្លី​ម៉េល​)៖ អាជ្ញាធរ​នៅ​ទីក្រុង​បេស​(Baise)​ភាគ​នីរតី​របស់​ចិន​បាន​បញ្ជា​អោយ​អ្នកស្រុក​នៅ​ក្នុង​ផ្ទះ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​កុម្ភៈ និង​ជៀសវាង​ការធ្វើដំណើរ​​មិនចាំបាច់ នៅ​ពេល​ខ្លួន​ចាប់ផ្តើម​អនុវត្ត​ការ​រឹតត្បិត​ក្រោយ​ការផ្ទុះកូ​វីដ​១៩​នៅ​ទីនោះ​។​

​ទីក្រុង​បេស​ដែល​មាន​ប្រជាជន​៣,៦​លាន​នាក់​នៅក្នុង​ខេត្ត​ហ្កាងស៊ី និង​ជាប់​ព្រំដែន​វៀតណាម​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៣៧​នាក់​កាលពី​ថ្ងៃអាទិត្យ ដោយ​កើន​ពី​ចំនួន​៦​នាក់​កាល​ពី​មួយ​​ថ្ងៃមុន​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​ក្រុង អ្នក​រស់នៅក្នុង​ទីក្រុង​នេះ​គួរ​ស្នាក់​នៅ​ក្នុងផ្ទះ​លើកលែង​តែ​ការចេញ​ទៅ​ទិញ​ទំនិញ​ចាំបាច់ ឬ​ចេញ​ទៅ​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩ និង​គួរ​ជ្រើស​យក​ការទិញ​ទំនិញ​​បញ្ជា​តាម​អន​ឡាញ​ដោយ​មាន​អ្នក​ដឹកជញ្ជូន​មក​អោយ​ដល់​ផ្ទះ​ជាជាង​ទៅ​ទិញ​ដោយ​ផ្ទាល់​។​

​ទីក្រុង​នេះ​ក៏​ផ្អាក​អាជីវកម្ម​មិនចាំបាច់ គមនាគមន៍​សាធារណៈ​និង​សាលារៀន ហើយ​ពន្យារ​ពេល​បើក​កំពង់ផែ​និង​ព្រំដែន​អន្តរជាតិ​។​បុគ្គលិក​កម្មករ​ចាំបាច់​នឹង​ត្រូវ​មាន​លិខិតអនុញ្ញាត​ចេញចូល​ពិសេស​​សំរាប់​ការធ្វើដំណើរ​ក្នុង​ទីក្រុង​បេស​។​

​ការផ្ទុះកូ​វីដ​ជាប់​ព្រំដែន​វៀតណាម​នេះ ស្រប​ពេល​វៀតណាម​ជួប​ការឆ្លង​ស្ទុះ​ឡើងវិញ​ក្រោយ​ការធ្លាក់​ចុះ​អស់​ជាច្រើន​សប្តាហ៍​។​

​កាលពី​យប់​ថ្ងៃអាទិត្យ វៀតណាម​បាន​ប្រកាស​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៤.១០៥​នាក់​នៅ​៥៦​ខេត្ត​ក្រុង និង​អ្នកជំងឺ​៦៣​នាក់​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​ទី​តាំងបី មាន​ការឆ្លង​ច្រើនជាងគេ​គឺ​ក្រុង​​ហាណូយ ២.៧៩៧​នាក់ ក្រុង​ដា​ណាំ​ង ៩២៧​នាក់ និង​ខេត្ត​ក្វាង​ណា​ម​ចំនួន ៨៥៣​នាក់​។​

​កាលពី​ថ្ងៃ​សៅរ៍ ក្រសួង​សុខាភិបាល​វៀត​ណា​ម​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី​១២.១៦០​នាក់ បន្ទាប់ពី​រកឃើញ​១១.៥៨៦​នាក់​កាលពី​ថ្ងៃ​សុក្រ និង​៨.៥៧៥​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ជាមួយ​នឹង​ចំនួន​ឆ្លង​ថ្មី​នេះ វៀតណាម​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​ជាង​២,៣១​លាន​នាក់​និង​៣៨.៣២៧​នាក់​ស្លាប់​ដោយ​ជំងឺឆ្លង​រាតត្បាត​នេះ​៕

​ក្នុងចំណោម​ប្រជាជន​៩៦​លាន​នាក់​នៅ​វៀតណាម ៧៤,២​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​ពី​រដូស និង​២៨,៨​លាន​នាក់​បាន​ចាក់​ដូ​សទីបី​