ដោយៈសុផល/ភ្នំពេញ: កំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់ អូរឫស្សី ក្រុងក្រចេះ (គីឡូម៉ែត្រលេខ ៣៣១+១២៥) ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ (គីឡូម៉ែត្រលេខ ៤២៤+៦៩០) ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៧ខែកុម្ភៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ផ្លូវនេះ ផ្ដល់ហិរញ្ញប្បទានសម្បទាន ជំនួយឥតសំណងជាង៣៣លានដុល្លារ ដោយប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងដើម្បីចូល រួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងកាត់បន្ថយភាពក្រីក្រ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថាកំណាត់ផ្លូវជាតិលេខ៧ នេះមានសក្តានុពលដ៏សំខាន់។វាតភ្ជាប់ពីរាជធានី ភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងប្រទេស។ ជាងនេះទៀត ខ្សែផ្លូវនេះ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ(GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា ហើយកំណាត់ផ្លូវនេះក៏ជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយនឹងផ្លូវជាតិមួយចំនួនទៀត សម្រាប់ជួយជំរុញការអភិវឌ្ឍតំបន់ ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាលរបស់ ប្រទេសទាំង៣ ជាពិសេស ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរបស់កម្ពុជាយើង ទៅជាតំបន់ដែលមានការអភិវឌ្ឍផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលផ្តល់ ឱកាសឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេស។
លោកបានបញ្ជាក់ថា កម្ពុជាពីមុនជាប្រទេសដែលបរទេសតែងតែយល់ថាជាតំបន់វាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីនគួរឱ្យខ្លាចរអារ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាត្រូវបានប្រែក្លាយជាប្រទេសមួយមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕សរន-PC