ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតរបស់ចក្រភពអង់គ្លេសបានមានបន្ទូលកាលពីថ្ងៃសៅរ៍ទី ៥ ខែកុម្ភៈថា ទ្រង់ចង់ឱ្យព្រះនាងខាមីលឡា (Camilla)ជាមហេសីរបស់ព្រះអង្គម្ចាស់ឆាលក្លាយជាព្រះមហាក្សត្រិយានី នៅពេលព្រះអង្គម្ចាស់ឡើងសោយរាជ្យ ដោយពង្រឹងឋានៈរបស់ទ្រង់នៅក្នុងបេះដូងនៃគ្រួសាររាជវង្សបន្ទាប់ពីធ្លាប់ត្រូវបានវិនិច្ឆ័យថាជាមនុស្សមកពីក្រៅ។
នៅក្នុងព្រះរាជសារមួយដើម្បីប្រារព្ធខួបលើកទី ៧០ នៃការឡើងគ្រងរាជ្យរបស់ទ្រង់ ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតបានមានបន្ទូលថាឱកាសនេះបានផ្តល់ឱ្យទ្រង់នូវពេលសម្រាកខ្លះដើម្បីឆ្លុះបញ្ចាំងពីភាពស្មោះត្រង់និងសេចក្តីស្រឡាញ់ដែលបានបង្ហាញដល់ទ្រង់ដោយសាធារណជនអង់គ្លេស។
ទ្រង់បានមានបន្ទូលថា ទ្រង់សង្ឃឹមថាព្រះអង្គម្ចាស់ឆាលនិងព្រះនាងម្ចាស់ខាមីលឡានឹងទទួលបានការគាំទ្រដូចគ្នា។
ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតបានបន្តថា “វាជាបំណងប្រាថ្នាដ៏ស្មោះរបស់ខ្ញុំ ដែលនៅពេលនោះមកដល់ សង្ឃឹមថាខាមីលឡានឹងត្រូវបានទទួលស្គាល់ជាម្ចាស់ក្សត្រិយានីខណៈទ្រង់បន្តការបម្រើដ៏ស្មោះត្រង់របស់ទ្រង់”។
ព្រះអង្គម្ចាស់ឆាលនិងព្រះនាងម្ចាស់ខាមីលឡា ដែលជាគូស្នេហ៍យូរអង្វែងនឹងគ្នា បានរៀបអភិសេកនៅឆ្នាំ ២០០៥ នៅក្នុងពិធីសាមញ្ញមួយនៅដំណាក់វីនស័រ (Windsor)។អ្នកនាំពាក្យនៃរាជដំណាក់ក្លារិន (Clarence) របស់ទ្រង់ទាំងពីរ បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកទ្រង់ “រំភើបនិងគោរពចំពោះពាក្យពេចន៍របស់ព្រះមហាក្សត្រិយ៍”។
ចំណាត់ការរបស់ព្រះមហាក្សត្រិយានីគឺឆ្លុះបញ្ចាំងពីការទទួលស្គាល់កាន់តែទូលំទូលាយនៃឋានៈរបស់ព្រះនាងម្ចាស់ខាមីលឡាជាពូជពង្សស្តេច៕
ម្ចាស់ក្សត្រិយ៍អេលីហ្សាបេត (ស្តាំ) នៅជាមួយព្រះអង្គម្ចាស់ឆាលនិងព្រះនាងម្ចាស់ខាមីលឡានៅក្នុងពិធីមួយដើម្បីប្រារព្ធខួប១០០ឆ្នាំនៃការបង្កើតកងទ័ពជាតិអង់គ្លេស