​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ យោង​តាម​បទសម្ភាសន៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​កុម្ភៈ​បាន​ឱ្យដឹងថា តារា​វាយ​តេ​ន្នី​ស​ចិន ផឹង ស័យ បាន​និយាយថា​នាង​មិន​ដែល​ចោទប្រកាន់​​នរណា​ម្នាក់​ពី​បទ​រំលោភ​ផ្លូវភេទ​នោះ​ឡើយ ដោយ​ច្រានចោល​ជាថ្មី​ម្តងទៀត​នូវ​ការចោទប្រកាន់ ដែល​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​ទូទាំង​ពិភពលោក​អំពី​សុវត្ថិភាព​របស់​នាង​។​

​អតីត​តារាតេ​ន្នី​ស​លំដាប់​លេខ​១​ពិភពលោក​ពីរ​សម័យកាល​រូបនេះ​បាន​ចោទប្រកាន់​ក្នុង​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​កាលពី​ខែវិច្ឆិកា​ថា អតីត​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក ចាង កៅ​លី (Zhang Gaoli) បាន​បង្ខំ​នាង​ឱ្យ​រួមភេទ​ក្នុងអំឡុង​ទំនាក់ទំនង​ស្នេហា​ដ៏​យូរ​ឆ្នាំ​ជាមួយគ្នា​។​

​សារ​បង្ហោះ​នោះ​ត្រូវបាន​លុបចេញ​យ៉ាង​ឆាប់រហ័ស ហើយ​នាង​ផឹង​បាន​បាត់​ដំណឹង​ជិត​បី​សប្តាហ៍​។ ចាប់តាំងពី​ពេលនោះ​មក នាង​បាន​លេចមុខ​នៅក្នុង​ព្រឹត្តិការណ៍​សាធារណៈ​មួយចំនួន​ដោយ​បដិសេធ​​កាលពី​ខែ​ធ្នូ​ថា នាង​មិន​ដែល​បាន​ធ្វើ​ការចោទប្រកាន់​បែប​នោះ​ទេ​។​

​នាង​ផឹង​បាន​ប្រាប់​កាសែត​កីឡា​ប្រចាំ​ថ្ងៃឡេ​គីប​( L’Equipe) របស់​បារាំង​ដោយ​បញ្ជាក់​ឡើងវិញ​នូវ​ការអត្ថាធិប្បាយ​ស្រដៀង​គ្នា​ដែល​នាង​បាន​ផ្តល់​ឱ្យ​ទៅ​កាសែត​សិង្ហ​បុរី​កាលពី​ខែ​ធ្នូ​ថា​”​ខ្ញុំ​មិន​​ដែល​និយាយថា​នរណា​ម្នាក់​បាន​រំលោភបំពាន​ផ្លូវភេទ​ខ្ញុំ​តាម​វិធី​ណា​មួយ​នោះឡើយ​”​។​

​តារាតេ​ន្នី​សវ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​បន្ថែមថា នាង​ជា​អ្នក​លុប​ចោល​រាល់​ការចោទប្រកាន់​របស់​នា​ង​ពី​បណ្តាញ​សង្គម​វី​បូ Weibo​ដែល​ជា​វេទិកា​ដូច Twitter របស់​ចិន​។​

​គេ​សង្ស័យ​យ៉ាង​ទូលំទូលាយ​ថា អង្គភាព​ត្រួតពិនិត្យ​អ៊ី​ន​ធឺ​ណេត​ដ៏តឹងរ៉ឹង​របស់​ប្រទេស គឺជា​អ្នក​លុប​សារ​របស់​នាង​ចោល​។​

​នៅពេល​កាសែត​ឡេ​គី​ប សួរ​នាង​ថា​ហេតុអ្វី​បាន​ជា​នាង​លុប​វា​ចោល នាង​ផឹង​និយាយថា “​ដោយសារតែ​ខ្ញុំ​ចង់​លុប​វា​ចោល​”​។​

​នាង​បាន​និយាយ​ក្នុងអំឡុង​បទសម្ភាសន៍​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ថា “​មាន​ការយល់ច្រឡំ​ដ៏​ធំ​នៅក្នុង​ពិភព​ខាងក្រៅ​បន្ទាប់​ពី​សារ​នេះ​”​។​

“​ខ្ញុំ​មិន​ចង់​ឱ្យ​អត្ថន័យ​នៃ​សារ​បង្ហោះ​នេះ​ត្រូវបាន​បំភ័ន្ត​តទៅទៀត​ទេ ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​មាន​ការ​បំភ័ន្ត​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថែមទៀត​ទេ​ជុំវិញ​រឿងនេះ​”៕

នាង​ផឹង ស័យថា​នាង​មិន​ដែល​ចោ​ទ​ថា​មាន​គេ​រំលោភ​នាង​នោះ​ទេ​