ដោយ:ដេប៉ូ/ភ្នំពេញ: ឆ្មាដាវ មានឈ្មោះជាភាសាអង់គ្លេសថា Leopard Cat និងឈ្មោះវិទ្យាសាស្ត្រ Prionailurus begalensis។ វាមានសម្បុរលឿង-ត្នោត លាយជាមួយរោមអុចៗពណ៌ខ្មៅ និងមានឆ្នូត៥-៦ សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយរហូតដល់ស្មា។
បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា សត្វប្រភេទនេះរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ព្រមទាំងព្រៃដាំ។ អាហាររបស់វាមាន បក្សី សត្វកកេរ ត្រកួត អន្សង ក្តាន់ញ៉ែជាដើម។ វាអាចចាប់ចំណីបានដោយសារការលោតចុះសង្គ្រប់ពីលើដើមឈើទៅលើចំណីរបស់វា។ សត្វព្រៃប្រភេទនេះពូកែហែលទឹកណាស់។ វាអាចបន្តពូជបានពេញមួយឆ្នាំ មានរយៈពេលពពោះពី៦៥ថ្ងៃ-៧២ថ្ងៃ និងអាចកូនម្តងបានពី១ទៅ៤ក្បាល។
គួរបញ្ជាក់ថាឆ្មាដាវស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ និងមានចុះបញ្ជីក្រហម IUCN ថាជាប្រភេទរងគ្រោះតិចតួច៕