​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​: ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា នៅពេល​អនាគត​ខាងមុខ ក្រសួង​នឹង​បង្កើត​មជ្ឈមណ្ឌល​ជំរុញ​អភិវឌ្ឍន៍​តាម​វិស័យ​នៅក្នុង​ខេត្ត​ចំនួន​បី រួមមានៈ សម្រាប់​វិស័យ​ចម្លាក់​ប្រាក់​-​ស្ពាន់​ខេត្តកណ្តាល ស្មូន​ដី​ខេត្តកំពង់ឆ្នាំង និង​ចម្លាក់​ថ្ម​ខេត្តពោធិ៍សាត់ ខណៈ​បច្ចុប្បន្ននេះ​ក្រសួង​បាន​កំពុង​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​។​

​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ កាលពី​សប្តាហ៍​កន្លងទៅ បាន​ឲ្យ​ដឹងថា គោលបំណង​សំខាន់ នៃ​ការពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​មជ្ឍមណ្ឌល​នេះ នឹងចូលរួម​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជំរុញ​អភិវឌ្ឍន៍ និង​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម ទាក់ទាញ​វិស័យ​ទេសចរណ៍ អភិរក្ស​វប្បធម៌ ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​កេរ្តិ៍ដំណែល​នៃ​ផលិតផល​និង​ភូមិសាស្ត្រ បង្កើន​ឱកាស​ពាណិជ្ជកម្ម និង​ពង្រីក​ទីផ្សារ​បន្ថែម​។

​លោក​រដ្ឋលេខាធិការ ឲ្យ​ដឹង​ទៀត​បន្តថា អង្គប្រជុំ​នេះ ក៏បាន​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ដែល​វិស័យ​ទាំងនេះ​កំពុង​ជួបប្រទះ ជាពិសេស​បញ្ហា​ប្រឈម​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​វិស័យ​ទាំងនេះ​បានទទួល​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដូចជា បញ្ហា​ទីផ្សារ​ដោយសារ​មិនមាន​ការបញ្ជាទិញ ភាពរអាក់រអួល​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ក៏ដូចជា​ការបាត់បង់​កម្លាំង​ពលកម្ម​ជំនាញ​ជាដើម ដែល​ទាមទារ​ឱ្យមាន​កិច្ចសហការ​ជិតស្និទ្ធ​ពី​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​។​

​លោក​បាន​អះអាងថា ក្រសួងពាណិជ្ជកម្ម នៅតែ​បន្ត​គាំទ្រ​ចំពោះ​ការងារ​លើកកម្ពស់​កេរ្តិ៍​ឈ្មោះ និង​ថែរក្សា​អត្តសញ្ញាណ​ខ្មែរ ដោយ​បច្ចុប្បន្ន​ក្រសួង​បាន និង​កំពុង​រៀបចំ​គោលនយោបាយ​និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​សក្តានុពលរ​បស់​កម្ពុជា ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ការធ្វើប្រតិភូកម្ម​អំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​ការបន្ត​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​តាមរយៈ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​ថ្នាក់​តំបន់​និង​ទ្វេភាគី ជាដើម​៕​