ដោយ: ពៅនិមល/ភ្នំពេញ: ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា វិស័យឯកជនដែលរួមមាន ផលិតករ និងអ្នកនាំចេញ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ RCEP និងទម្រង់ CCFTA អាចចុះឈ្មោះ បានតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម (អនឡាញ) របស់ក្រសួង ចាប់ពីពេលនេះតទៅ។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា យោងតាមប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងព្រះរាជក្រម ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ប្រកាសឱ្យប្រើច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យអនុវត្តនូវវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ទាំងពីរប្រភេទខាងលើនេះ តាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្ម។ ក្នុងន័យនេះ អ្នកនាំចេញទំនិញ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ RCEP សម្រាប់ការនាំចេញទំនិញទៅកាន់បណ្តាទីផ្សារអាស៊ាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េ និងនូវែលសេឡង់ និងទម្រង់ CCFTA សម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារចិន អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តកម្មដែលមានគេហទំព័រ https://co.moc.gov.kh/ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះព័ត៌មានលម្អិត ដែលទាក់ទងនឹងការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rules of Origin) និងនីតិវិធី ប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ទាំងពីរនេះ អ្នកមានបំណងទាំងអស់ អាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://co.moc.gov.kh/ ឬតាមរយៈមន្ត្រីនាយកដ្ឋាននាំចេញ នាំចូល នៃក្រសួងពាណិជ្ជកម្ម៕