ដោយ​: ភ្នំ​ខៀវ​/​បាត់ដំបងៈ នៅ​ថ្ងៃទី​៧ កុម្ភៈ​នេះ សមត្ថកិច្ច​ជំនាញ​ប​ញ្ជួ​ន​មនុស្ស​ចំនួន បីនាក់​ទៅ​តុលាការ ក្រោយ​ធ្វើ​សកម្មភាព​យក​ដុំថ្ម ពូថៅ កាំបិត គប់ និង​កាប់​លើ​ជនរងគ្រោះ​យ៉ាង​ព្រៃផ្សៃ​បណ្តាល​ឲ្យ​ស្លាប់​។​

​ជន​ទាំង​បីនាក់​ខាងលើ​មាន ឈ្មោះ​យ៉ាង សុខ​ចាន់នី ភេទ​ប្រុស អាយុ ២១ ឆ្នាំ​, ឈ្មោះ​ហ៊ាន វ៉ើ​យ​ហុង ភេទ​ប្រុស អាយុ ២២ ឆ្នាំ និង​ឈ្មោះ​អឿន ភារ​ម្យ ភេទ​ប្រុស អាយុ ២២ ឆ្នាំ​។ ពួកគេ​ទាំងបី​នាក់​មាន​ទីលំនៅ​ក្នុង​ភូមិ​តា​ស្ដា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន​។ ចំណែក​យុវជន​រងគ្រោះ​ឈ្មោះ​ឡាញ់ ស៊ី​ណាត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​រស់នៅ​ភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​នគ​បាល​បានបញ្ជាក់​បន្ថែមថា ករណី​ហិង្សា​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​នេះ ផ្តើមចេញពី​រឿង​គំនុំ​ក្នុង​ជម្លោះ​កាលពី​កន្លងមក រហូត​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ជនបង្ក​បាននាំគ្នា​ចំនួន ៩​នាក់​ចេញ​ធ្វើ​សកម្មភាព​ចាំ​ស្ទាក់​ជនរងគ្រោះ​នៅតាម​ផ្លូវ ជិត​រំលង​អា​ធ្រា​ត ខណ​:​ពេលដែល​ជនរងគ្រោះ​ចេញពី​ជប់លៀង​ក្នុង​ពិធីមង្គលការ​បងប្អូន​ត្រង់ចំណុច​ផ្លូវជាតិ​លេខ ៥៩ ស្ថិតក្នុង​ក្រុមទី ០៤ ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​៕​