​ដោយ​:​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​: រយៈពេល​មិន​ដល់​១​សប្តាហ៍​ផង ជនសង្ស័យ​ចំនួន​០៦​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​ឃាតកម្ម​សម្លាប់​មនុស្ស​មួយ​គ្រួសារ​ដ៏​រន្ធត់​នៅ​ខេត្តមណ្ឌលគិរី​។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុត​នេះដែរ គឺ​ផ្ដើមចេញពី​រឿង​សង្ស័យថា គ្រួសារ​រងគ្រោះ​ចេះ​ធ្វើអំពើ​អាប​ធ្មប់​ដាក់​មកលើ​គ្រួសារ​ពួកគេ និង​ពុំ​ធ្លាប់មាន​ទំនាស់​អ្វី​ផ្សេង​នោះទេ ។​

​លោក សូ សុវណ្ណ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​០៧ កុម្ភៈ​ថា មូលហេតុ​ដែល​ក្រុម​ជនសង្ស័យ​សម្លាប់​មនុស្ស​ទាំង​គ្រួសារ​បែបនេះ ព្រោះ​ក្រុម​ជនសង្ស័យ​សន្និដ្ឋានថា​គ្រួសារ​រងគ្រោះ ពិសេស ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ចេះ​ធ្វើអំពើ​អាប​ធ្មប់ និង​បណ្ដាល​ឲ្យ​សមាជិកគ្រួសារ​ពួកគេ​ម្នា​ក់បាន​ស្លាប់​ដោយសារ​ជំងឺ និង​កំពុងមាន​អ្នក​ឈឺ​បន្តទៀត ដូចនេះ​បើ​ពួកគេ​មិន​សម្លាប់​គ្រួសារ​រងគ្រោះ​ចោល​នោះទេ នឹងមាន​អ្នកស្លាប់​បន្តទៀត ។​

​លោក សូ សុវណ្ណ បញ្ជាក់ទៀតថា ក្នុងករណីនេះ​អ្នកចេញ​ទៅធ្វើ​សកម្មភាព​សម្លាប់​មាន​៤​នាក់ និង​បញ្ជា​ឲ្យ​ទៅ​សម្លាប់​២​នាក់ ក្នុងចំណោម​ជនសង្ស័យ​ចេញទៅ​សម្លាប់​ទាំង​៤​នាក់ មាន​ម្នាក់​ឈ្មោះ ច​ន្ធី ព្វិ​ត អាយុ​១៨​ឆ្នាំ ជា​ជនដៃដល់ វាយ​បន្ថែម​សម្លាប់ និង​ជា​អ្នក​តាម​ទៅ​វាយ​សម្លាប់​ម្ដាយ និង​កូនតូច​អាយុ​៥​ឆ្នាំ ក្រោយពី​ជនសង្ស័យ​បីនាក់​ទៀត វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់​ត្រឹម​មួយ​ដំបង​ប៉ុណ្ណោះ​។ ចំណែក​ក្មេង​អាយុ​១២​ឆ្នាំ ដែល​នៅមាន​ជីវិត​ក៏ត្រូវ​ឈ្មោះ ច​ន្ធី ព្វិ​ត នេះ​វាយ​បន្ថែម​បី​ដំបង និង​ស្មានថា​ស្លាប់​ហើយ​។

​លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀតថា អ្វីដែល​គួរ​ឲ្យ​តក់ស្លុត​នៅពេល​កំពុង​ធ្វើ​សកម្មភាព​សម្លាប់ មាន​ក្មេងប្រុស​ម្នាក់​បានមក​ទិញ​ភេសជ្ជៈ​នៅផ្ទះ​ជនរងគ្រោះ ហើយ​ក្មេងប្រុស​ម្នាក់​នោះ​ជា​ប្អូនបង្កើត​របស់​ឈ្មោះ​របស់​ឈ្មោះ រឹម ខិ​ន ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ហេតុការណ៍​នោះ ឃើញបែបនេះ​ឈ្មោះ រឹម ខិ​ន បាន​សុំ​ទៅ​ឈ្មោះ ច​ន្ធី ព្វិ​ត សូមកុំ​វាយ​ប្អូន​របស់ខ្លួន តែ​ឈ្មោះ ច​ន្ធី ព្វិ​ត មិន​ព្រម​ទេ និង​បាន​វាយ​ទៅលើ​ក្មេងប្រុស​ម្នាក់​នោះ​រហូត​ស្លាប់ ។

​លោក សូ សុវណ្ណ បញ្ជាក់ទៀតថា ក្នុងករណីនេះ​ក្រោយ​កោសល្យ​វិ​ច្ច័​យ​ច្បាស់លាស់ ក្រុម​ជនសង្ស័យ​មិនបាន​ប្រើ​កាំភ្លើង​បាញ់សម្លាប់​ជនរងគ្រោះ​នោះទេ គឺ​ប្រើ​ដែក​បូម​ម៉ូតូ ដំបង​ឈើ និង​កាំបិត សម្លាប់​ទៅលើ​ជនរងគ្រោះ​ទាំង​៦​នាក់ តែ​នៅរស់​ម្នាក់​។

​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​រួមមាន​៖
១- ច​ន្ធី ព្វិ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ព្នង ជា​មេក្លោង​ផ្តើមគំនិត
២- រឹម ធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ព្នង (​សហការី​)
៣- រឹម ខិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ (​សហការី​)
៤- ច​ន្ធី ឆ្វិ​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ព្នង (​សហការី​)
៥- ខ្លឹង ច​ន្ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ព្នង (​បញ្ជា​អោយ​សម្លាប់​)
៦- នួន វណ្ណា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ព្នង (​បញ្ជា​អោយ​សម្លាប់​)

​ជនសង្ស័យ​ទាំង​០៦​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់ ត្រូវបាន​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​នាយកដ្ឋាន នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​ត​ករណី​ឃាតកម្ម សម្លាប់​មនុស្ស​ចំនួន​៥ នាក់​និង​របួសធ្ងន់​ម្នាក់​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១៣:៣០ នាទី​នៅ​ចំណុច​ស្រែ​ចោទ ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​៕