ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស អមដំណើរ​ដោយ​ក្រុមការងារ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​បី ទីតាំង​បន្ថែមទៀត​ដែល​ស្ថិតនៅក្នុង​ខេត្ត​ត្បូងឃ្មុំ ។​

រូបថតៈប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចុះ​ពិនិត្យ​កន្លែង​ចាក់​វ៉ាក់សាំង​បី​ទី​តាំ​នៅ​ខេត្ត​ត្បូងឃ្មុំ​

ទីតាំង​ដែល​លោកស្រី ឱ វណ្ណឌី​ន ង​ញ្ជើ​ញ​ចុះ​ពិនិត្យមើល​នៅ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២២​មាន​៖​មួយ​.​មន្ទីរពេទ្យបង្អែក​ស្រុក​អូររាំងឪ​ពីរ​.​មណ្ឌល​សុខភាព ជប់ និង​បី​.​មន្ទីរពេទ្យបង្អែក​ស្រុក​តំបែរ​។​

ប្រភព​បណ្តាញ​សង្គម​ផ្លូវការ​របស់លោក​ស្រី ឱ វណ្ណឌី​ន បានឱ្យដឹងថា ក្នុងឱកាស​ចុះ​ជាក់ស្តែង​នេះ​លោកស្រី​បន្ត​ក្រើនរំលឹក​ទៅដល់​ប្រជាពលរដ្ឋ ត្រូវតែ​រួសរាន់​ទៅ​ទទួលយក​នូវ​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅតាម​ទីតាំង​និង​មូលដ្ឋាន​សុខាភិបាល​តែម្ដង​។

​លោកស្រី​ក៏បាន​ជម្រាបជូន​ដល់​ប្រជាពលរដ្ឋ​នូវ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ដែល​កំពុង​រីក​រាលដាល​នៅ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​ក៏​ដូច​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ លោកស្រី បាន​បន្ត​ផ្តាំផ្ញើរ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​ឱ្យបាន​គ្រប់ៗ​គ្នា ក៏ដូចជា​ពាក្យស្លោក «៣​កុំ ៣​ការពារ​» បូករួម​ជាមួយ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ចំនួន​ដូ​ស​៕​សរន​

រូបថតៈប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចុះ​ពិនិត្យ​កន្លែង​ចាក់​វ៉ាក់សាំង​បី​ទី​តាំ​នៅ​ខេត្ត​ត្បូងឃ្មុំ​