ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ មនុស្ស​ចំនួន​បីនាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន ក្នុងករណី​សម្លាប់​ជនរងគ្រោះ​ម្នាក់​នៅក្នុង​ដីចម្ការ​មួយកន្លែង នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​បាន​បញ្ជូន​ជនសង្ស័យ​មក​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ ដើម្បី​ត្រៀម​កសាង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​

​ជនរងគ្រោះ​ឈ្មោះ ឌៀ​ម ចិន្ដា នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង​។ ឯ​ជនសង្ស័យ​ទាំងបី​នាក់​មាន​ទី​១.​ឈ្មោះ អំ ភ័​ណ្ឌ នៅ​ភូមិ​ឆ្វាំង​, ទី​២.​ឈ្មោះ​អូន ភាន់ នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង និង​ទី​៣​ឈ្មោះ រ៉ូ រី​ដេ​ត នៅ​ភូមិ​មន​ឃុំ​អន្លង់​ជ្រៃ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ ជនរងគ្រោះ​ឈ្មោះ ឌៀ​ម ចិន្តា ហៅ​ឡង់ អាយុ​៣១​ឆ្នាំ បាន​បាត់​ខ្លួន ហើយ​បាន​រកឃើញ​សព​ត្រូវគេ​សម្លាប់​នៅក្នុង​ដីចម្ការ​មួយកន្លែង​ខាងក្រោយ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ក្រោយមក​សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ​សួរ​បំភ្លឺ​ពាក់ព័ន្ធ​ទៅនឹង​ដំណើររឿង​នៅ​ទីតាំង​កើតហេតុ ឈានដល់​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ចំនួន បីនាក់ និង​បាន​រកឃើញ​ភស្តុតាង​មួយចំនួន ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ​បញ្ជូន​មកកាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​៕​