ដោយ:ដេប៉ូ/ភ្នំពេញ: លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY)និងភាគីពាក់ព័ន្ធមួយចំនួនទៀតបានចុះទស្សនកិច្ច នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC)។
ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះបានអញ្ជើញចពិនិត្យមើលរោងជាងរបស់វិទ្យាស្ថាន ដែលរួមមាន៖ បន្ទប់មេកានិក បន្ទប់អគ្គិសនី បន្ទប់មេកាត្រូនិក១ បន្ទប់មេកាត្រូនិក២ បណ្ណាល័យ សាលបញ្ញាសប្បនិម្មិត និងមន្ទីរពិសោធន៍ចំណីអាហារ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានវាយតម្លៃខ្ពស់ដល់វិទ្យាស្ថានNPIC ដែលមានកម្មវិធីបណ្តុះបណ្តាលបានយ៉ាងល្អសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាកន្លងមកពីវិទ្យាស្ថាន គឺពួកគាត់ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងអាជីពការងាររបស់ខ្លួន ដោយមានសមត្ថភាពអាចគ្រប់គ្រងផលិតកម្ម របស់ក្រុមហ៊ុនធំៗ និងអ្នកមួយចំនួនខ្លះទៀត ក៏ឈានទៅបើកអាជីវកម្មជាលក្ខណៈឯកជនផ្ទាល់ខ្លួន មានភាពរីកចម្រើន ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ថាវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាជាគ្រឹះស្ថានសាធារណៈរដ្ឋបាល បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា សង់លើផ្ទៃដីសរុប ៩៨,១២៣ម៉ែត្រការ៉េ។ វិទ្យាស្ថានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់អនុបណ្ឌិត។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច របស់គណៈប្រឹក្សាភិបាល នៃកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) រួចមក គណៈប្រតិភូបានអញ្ជើញចុះទស្សនកិច្ចផលិតផលទឹកបរិសុទ្ធវីតាល់ របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ខូ អិលធីឌី (N.V.C Corporation Co.,Ltd.) ដែលជាក្រុមហ៊ុនក្នុងស្រុកឈានមុខមួយ ក្នុងវិស័យផលិត និងចាយចាយ ចំណីអាហារ និងភេសជ្ជៈ។
សម្រាប់ភាពជាដៃគូរ រវាងក្រុមហ៊ុន និងកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា គឺក្រុមហ៊ុនបានជ្រើសរើស សិស្ស-និស្សិតពី វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) ដើម្បីបម្រើការងារក្នុងក្រុមហ៊ុន រួមទាំងសិស្សដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលសាកល្បងនូវកញ្ចប់បណ្តុះបណ្តាលផ្អែកលើសមត្ថភាពជំនាញគ្រឿងម៉ាស៊ីន ការកែច្នៃបន្លែផ្លៃឈើ ការដុតនំ។
ជាមួយនោះដែរ គណៈប្រតិភូក៏បានអញ្ជើញចុះត្រួតពិនិត្យរោងជាង ឬកន្លែងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ដែលកំពុងមានដំណើរការផងដែរ៕សរន-PC