ដោយៈគូលែន/សៀមរាបៈ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ឱ្យថាខ្លួនកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀតនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។
លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមា គឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន៥ខែ។
លោកបានបញ្ជាក់ថាមូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និងលាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។
សូមបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ អ្នកជំនាញអភិរក្សចម្លាក់ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលរួចរាល់ជាស្ថាពរនូវព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណដែលមានការខូចខាតទ្រុឌទ្រោម៕