ដោយ៖តារារិទ្ធ/ក្រចេះ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រកម្ពុជាបានប្រតិកម្មខ្លាំងៗទៅលើអ្នកវិភាគពីនាយសមុទ្រគឺលោក ជេម សុខ ហៅសុខ សាគុន ដែលបានធ្វើអត្ថាធិប្បាយក្នុងន័យប្រមាថជាតិសាសន៍ខ្មែរខ្លួនឯង។ សម្តេចតេជោបានចាត់ទុកលោក ជេម សុខ អន់ជាងសត្វតិរច្ឆានទៅទៀ ត សត្វតិរច្ឆានគង់ស្គាល់សំបុករបស់វា ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្មបែបនេះនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រនៅក្នុងខេត្តក្រចេះនាព្រឹកថ្ងៃទី ៧ ខែ កុម្ភៈ ២០២២ ។

ប្រតិកម្មរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីលោក ជេម សុខ ហៅ សុខ សាគុន បានធ្វើអត្ថាធិប្បាយដោយហ៊ាននិយាយថាបើអាមេរិកធ្វើសង្រ្គាមជាមួយ កម្ពុជានោះរូបលោកនឹងកាន់កាំភ្លើងមកវាយកម្ពុជាដែរ ។ ការលើកឡើងបែបនេះបានរងនូវប្រតិកម្មនិងការរិះគន់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងនៅក្នុងស្រុកនិង ក្រៅស្រុក ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ទុកការលើកឡើងនេះថាជាការប្រមាថដល់ជាតិសាសន៍ខ្លួនឯង គឺអន់ជាងសត្វតិរច្ឆានទៅទៀត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «បងមិនជេរប្អូនទេ តែប្អូនឯងនិយាយខុសហើយ! ឧទាហរណ៍ថាបើមានសង្រ្គាម សុខចិត្តកាន់អាវុធ មកវ៉ៃខ្មែរ ។ ប្អូន! បងផ្តាំទៅប្អូន ​ប្អូនអន់ជាងតិរច្ឆានទៅទៀត, សត្វតិរច្ឆានគង់ស្គាល់សំបុករបស់វា ។ ប៉ុន្តែប្អូនបែរជា បើទោះបានចូលសញ្ជាតិបរទេស​ ប្អូនមិនគួរប្រើភាសាហ្នឹងនោះទេ។ បើទោះបីប្អូនមិននិយាយក៏គ្មានអ្នកណាគេថាប្អូនគរដែរ»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានពន្យល់ថាការលើឡើងរបស់លោក ជេម សុខបែបនេះគឺក្នុងន័យចង់ឲ្យសម្តេចជេរខ្លួនដើម្បីជាច្រកចូលមួយនៃពួកប្រឆាំងនិងថាចង់ឲ្យ សម្តេចបង្ហោះហ្វេសប៊ុកនូវប្រតិកម្មរបស់សម្តេចចំពោះការលើកឡើងនេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានទំលាយឲ្យដឹងផងដែរថា៖និយាយឲ្យដឹងថ្ងៃនេះតែម្តងទៅថា ជេម សុខ និងខ្ញុំទាក់ទងគ្នា ។សម្តេចក៏បានចាក់សម្លេង ជេម សុខ សន្ទនា ជាមួយសម្តេចឲ្យអ្នកចូលរួមស្តាប់ផងដែរ ។

ក្រោយរងនូវប្រតិកម្មខ្លាំងៗពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី៧ខែកុម្ភៈនេះលោក ជេម សុខ ដែលកំពុងរស់នៅអាមេរិកបានថ្លែងអំណរគុណចំពោះសម្តេចតេ ជោ ហ៊ុន សែន។ តាមរយៈទំព័រហ្វេសប៊ុកលោក ជេម សុខ បានសរសេរថា ៖«ខ្ញុំត្រេកអរ និង សូមថ្លែងអំណរគុណសម្ដេចដែលបានស្ដីឲ្យខ្ញុំ ។ ខ្ញុំមានសេចក្ដីរីករាយ ដោយបានឱកាសបញ្ចេញមតិជាសាធារណៈ» ៕