ដោយៈបាយ័ន/សៀមរាបៈ សិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២១ ទទួលបាននិទ្ទេសអេ( A) ទាំង ១៥៣នាក់ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បាននាំយកម៉ូតូមកប្រគល់ ជូនម្នាក់មួយគ្រឿងកាលព្រឹកថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទសណ្ឋាគារសុខាសៀមរាប។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងផងដែរថា សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២១ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១២មណ្ឌល ស្មើ ៣៥៦ បន្ទប់ មានបេក្ខជនសរុបចំនួន ៨.៨៣២នាក់ (ស្រីចំនួន ៥ ៣៨នាក់ )និង មានបេក្ខជនស្វ័យរិនចំនួន ១៥៧នាក់( ស្រីចំនួន ៧១នាក់) និង បេក្ខជនជាស្វ័យរិនបំពេញវិជ្ជាចំនួន ៣៥៣នាក់ (ស្រី ៦៩នាក់)។ ក្នុងនោះបេក្ខជនមកប្រឡងសរុបចំនួន ៨ ៦៥៩នាក់ (ស្រី ៤ ៩៥២នាក់) ។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១នេះ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន ៦ ៤៣៤នាក់( ស្រី ៣ ៨៥៤នាក់) ស្មើនឹង ៧៤,៣០ភាគរយ ក្នុងនោះស្រី ៧៧,៨៣ភាគរយ។ ក្នុងនោះសិស្សប្រឡងបាននិទ្ទេស អេ(A) ចំនួន ១៥៣នាក់( ស្រី ៨៨នាក់ )។
មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការថ្លែងអំណរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ស្ថិតក្រោមម្លប់សន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសខេត្តសៀមរាប មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ និង រមណីយដ្ឋានធម្មជាតិ ។
ក្នុងនោះដែរសម្តេចក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះចៅៗជាសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និង មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាប ទាំងនៅគ្រឹះស្ថានរដ្ឋ និង ឯកជន៕សរន