ភ្នំពេញៈបន្ទាប់ពីការប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកនេះ ពាក់ព័ន្ធនឹងការដោះលែងលោកសាស្ត្រាចារ្យ សន ធើនណល ជនជាតិអូស្ត្រាលីដែលជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា មានការស្វែងរកការបញ្ជាក់ជាច្រើនលើបញ្ហានេះ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា ការ ប្រកាសនេះគឺដោយសារការផ្តល់ព័ត៌មានខុស ហើយលោកសាស្ត្រាចារ្យ សន ធើនណល នៅបន្តជាប់ឃុំឃាំង ដដែល។
ទោះបីជាហេតុការណ៍នេះកើតឡើងដោយអចេតនាក្តី អ្នកនាំពាក្យសូមរំលឹកថា នៅក្នុងកិច្ចពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកពីករណីលោកសាស្ត្រាចារ្យ សន ធើនណល ហើយទទួលបានការធានាពីនាយឧត្តមសេនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណាករណីនេះឡើងវិញបន្ទាប់ពីដំណើរការតុលាការ ត្រូវបានបញ្ចប់៕សរន