ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោក ភែទ្រីក មើហ្វី (Patrick Murphy )ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានអញ្ជើញធ្វើទស្សនកិច្ចនៅលើទឹកដីខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី៧ខែកុម្ភៈ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនថា ខេត្តបន្ទាយមានជ័យ ស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ ៣៥៩ គម ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង ១៥៣ គម ។

ខេត្តមានផ្ទៃដីសរុប ៦ ៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា០២ ក្រុង ០៧ស្រុក ៥៥ ឃុំ១០សង្កាត់ និង៦៥៨ ភូមិ មានប្រជាជនពលរដ្ឋ ប្រមាណ ៧៩មឺននាក់ ក្នុងនោះមាន ៨៥%ប្រកបមុខរបរធ្វើស្រែចំការ និង១៥%ជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។

ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន០៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វារបឹងត្រគួន និងច្រកព្រំដែនម៉ាឡៃ ខេត្តក៍មានតំបន់សេដ្ឋកិច្ចពិសេស០៥កន្លែង នៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម០១ កន្លែងនៅក្រុងសិរីសោភ័ណ។ដោយឡែកនៅក្រុងប៉ោយប៉ែតមានក្រុមហ៊ុនជប៉ុនចំនួន ០៦កន្លែងកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង ០១ក្រុមហ៊ុនទៀតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី (ផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក) ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្មវិធីCOVAX បានផ្តល់វ៉ាក់សាំង Johnson and Johnson សម្រាប់ការជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យមួយវំនួនផងដែរ ដែលខេត្តទទួលបានពីថ្នាក់ជាតិផ្តល់មក។

លោក ភែទ្រីក មើហ្វី សរនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកថា ប្រតិភូស្ថានទូតមកទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងចង់សិក្សាស្វែងយល់ពីសក្តានុពលខេត្ត បញ្ហាការជូញដូរមនុស្សឆ្លងដែន និងផ្នែកសុខាភិបាល ផ្នែកអប់រំ។

ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា : លោកពិតជារីករាយបានមកកាន់ខេត្តបន្ទាយមានជ័យ ជាលើកទី២ ដែលលោកបានអញ្ជើញមកកាលពី៨ឆ្នាំមុនជាមួយក្រុមគ្រួសារក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ និងបំពេញបេសកម្មការងារមួយចំនួននាពេលនោះ៕សរន