ដោយៈ សុខសុភ័ណ្ឌ/កំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយត្រូវរថយន្តបុកពីក្រោយម៉ូតូអូសជាង១០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:១០នាទី ថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុមានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ ៣C-៨៦៦៨ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ក្រោយកើតហេតុ) បើកបរពីកើតទៅលិចមកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BC ១១៥០ បើកបរដោយឈ្មោះ ម៉ន សំបូរ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់បាយសម្ល រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រថយន្តយបានបុកអូសជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ។
ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញ បានធ្វើការវាស់វែង រួចប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងម៉ូតូ និងរថយន្ដបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយនៅពេលក្រោយ៕