ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លីម៉េ​ល​) ៖ ការសិក្សា​មួយ​បានបង្ហាញ​ថា អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ជាប្រចាំ អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ជា​លទ្ធផល អ្នកស្រាវជ្រាវ​និយាយថា អ្នកជំងឺ​ដែល​លេបថ្នាំ​បំបាត់​ការឈឺចាប់​នេះ​រយៈពេល​វែង គួរតែ​លេបថ្នាំ​នេះ​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ខ្លី​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន​។​

​យោង​តាម​អ្នកវិទ្យាសាស្ត្រ គេ​បាន​សន្មត់​ថា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​គឺជា​ថ្នាំ​ដែល​មាន​សុវត្ថិភាព​ទាំង​ស្រុង​ក្នុង​ការប្រើប្រាស់​ចំពោះ​អ្នក​ជំងឺលើសឈាម​។​

​ប៉ុន្តែ​ការ​រក​ឃើញ​របស់​ពួក​គេ​បង្ហាញ​ថា ឥទ្ធិពល​លើ​សម្ពាធ​ឈាម​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិនមែន​ជា​ស្ទេ​រ៉ូ​អ៊ី​ដាល់​-Steroidal (NSAIDs) ដូច​ជា​ថ្នាំ​អ៊ី​ប៊ុយ​ប្រូ​ហ្វេន​( ibuprofen)​ដែល​គេ​ស្គាល់​ថា​បង្កើន​សម្ពាធ​ឈាម​និង​ហានិភ័យ​នៃ​ជំងឺ​បេះដូង ហើយ​ក៏​ត្រូវបាន​ប្រើ​ដើម្បី​គ្រប់គ្រង​ការឈឺចាប់​រ៉ាំរ៉ៃ​ផងដែរ​។​

​ក្រុម​អ្នកជំនាញ​និយាយថា ការកើនឡើង​សម្ពាធ​ឈាម​អាច​រំពឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រហែល ២០ ភាគរយ​។​

​ពួកគេ​បាន​លើកឡើង​ថា ការសិក្សា​នេះ​គួរតែ​នាំទៅដល់​ការ​ពិនិត្យ​ឡើងវិញ​លើ​វេជ្ជបញ្ជា​ឱ្យប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​រយៈពេល​វែងដ​ល់​អ្នក​ជំងឺ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺលើសឈាម ឬ​អ្នក​ដែល​ប្រឈម​​នឹង​ជំងឺ​បេះដូង​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៕

ការប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ញឹកញាប់​អាច​បង្កើនហា​និ​ភ័យ​នៃ​ជំងឺ​បេះដូង​ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រហែល ២០ ភាគរយ