ដោយៈ ដេប៉ូ / ភ្នំពេញៈ គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យ របស់យុវជននៅកម្ពុជា (ដំណាក់កាលទី២) ដែលក្នុងនេះមានវត្តមាន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកស្រី Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធីមុខរបរ និងការងារសមរម្យ របស់យុវជន នៅកម្ពុជា (DEY) និងព្រមទាំងក្រសួង, ស្ថាប័ន និងអង្គការពាក់ព័ន្ធមួយចំនួនទៀត បានទស្សនកិច្ច នៅសហគ្រាសផលិតឥដ្ឋ My Dream Home (ម៉ាយ ឌ្រីមហូម) ដែលមានទីតាំងស្ថិតនៅភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សហគ្រាសផលិតឥដ្ឋមួយនេះ ស្ថិតក្នុងការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យម នៅក្នុងក្របខណ្ឌគម្រោង មុខរបរ និងការងារសមរម្យ របស់យុវជន (ដំណាក់កាលទី២) ដែលត្រូវផ្តល់មូលនិធិ ដោយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC)។ អង្គការ UNIDO កំពុងដឹកនាំការអនុវត្ត សកម្មភាព ដើម្បីកែលម្អបរិយាកាស អំណោយផល សម្រាប់សហគ្រិនភាពយុវជន និងសហគ្រាស ដើម្បីធានាថា ស្ត្រី និងបុរសវ័យក្មេង មានសមត្ថភាពសហគ្រិនគ្រប់គ្រាន់ និងទទួលបានសេវាអភិវឌ្ឍន៍អាជីវកម្ម កាន់តែច្រើនឡើង។

កន្លងមក អង្គការ UNIDO បានរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីផ្តល់សេវាអភិវឌ្ឍន៍ អាជីវកម្ម សម្រាប់សហគ្រានធុនតូច និងមធ្យម។ វគ្គបណ្តុះបណ្តាលនេះ មានគោល បំណង ឲ្យសហគ្រាសនានា អាចស្វែងយល់ អំពីយុទ្ធសាស្ត្រ នៅក្នុងការពង្រីកអាជីវកម្ម ឧបករណ៍ហិរញ្ញវត្ថុ ការរៀបចំធនធានមនុស្ស ការទំនាក់ទំនង ជាមួយអ្នកវិនិយោគ ដៃគូ និងអ្នកដទៃ។

លោក ហាវ គង់ងី ជាស្ថាបនិក ម៉ាយ ឌ្រីមហូម គឺជាសិក្ខាកាមម្នាក់ បន្ទាប់ពីទទួល វគ្គបណ្តុះបណ្តាល រួចមក ពេលនេះ លោកកំពុងរៀបចំពង្រីកអាជីវកម្មរបស់ខ្លួន ដោយធ្វើឲ្យប្រសើរឡើង នូវលំហូរសាច់ប្រាក់ផ្ទាល់ខ្លួន បង្កើតផលិតផលថ្មី ស្វែងរកការច្នៃប្រឌិតផលិតផលថ្មី ប្រកបដោយប្រសិទ្ធភាពជាងមុន និងស្វែងរកការគាំទ្រ លើការនាំចេញសម្ភារសំណង់ ដែលបានផលិត។

លោក គង់ងី បញ្ជាក់ថា សហគ្រាសរបស់លោក បានចាប់ផ្តើមអាជីវកម្មបរិយាបន្ន ក្នុងឆ្នាំ២០១៥ ជាមួយនឹងចក្ខុវិស័យ ដើម្បីចូលរួមចំណែក ក្នុងការកសាងផ្ទះតម្លៃសមរម្យ នៅក្នុងប្រទេសកម្ពុជា។ សហគ្រាស បាននិងកំពុងផលិតឥដ្ឋ ដែលមិនប៉ះពាល់ ដល់បរិស្ថាន និងមានតម្លៃសមរម្យ សម្រាប់អ្នកក្រីក្រ។ ឥដ្ឋនេះ ប្រើប្រាស់ដីល្បាយខ្សាច់ ជាវត្ថុធាតុដើម ហើយល្បាយខ្សាច់នេះ កសិករ ពិបាកក្នុងការដាំដុះ ហើយជួលគេជីក ដើម្បីឲ្យទឹកដក់ងាយស្រួល ធ្វើកសិកម្ម។

លោកបានបញ្ជាក់ដែរថា បច្ចុប្បន្ន សហគ្រាសរបស់លោក មានកន្លែងផលិតចំនួនពីរ គឺមួយនៅភ្នំពេញ និងមួយទៀត នៅខេត្តសៀមរាប និងមានបុគ្គលិកវ័យក្មេង ចំនួន ៣០ នាក់។ ជាមួយកន្លែងផលិតឥដ្ឋទាំងពីរនេះ សហគ្រាសអាចផលិតឥដ្ឋ បានចំនួន ២០០ ម៉ែត្រការ៉េ ឬ ១០.០០០ ឥដ្ឋ ក្នុងមួយថ្ងៃ៕/V-PC