ដោយៈប.ខុន/ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកុម្ភៈថា ក្នុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប(ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនឹងនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនប្រទេស ក៏នៅតែមាន ដែលអាចបង្កើតបានជាការប្រសព្វមុខគ្នារវាងអាកាសធាតុក្តៅ-ត្រជាក់ (Convection) បណ្តាលឲ្យមានភ្លៀងក្នុងតំបន់ (Local) ដោយអន្លើ។
ស្ថានភាពបែបខាងលើធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៣ ទៅ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៦អង្សាសេ។ អាចមានភ្លៀងផ្គរក្នុងកម្រិតពីខ្សោយទៅច្រើន ជាពិសេសបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម (ត្បូង) អាចមានបរិមាណភ្លៀងច្រើន។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ ទៅ២៦អអ្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ ទៅ៣៦អង្សាសេ។ អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ ទៅ២៥អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៧ ទៅ៣០អង្សាសេ។ អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន ៕