ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ អង្គការការពារសត្វព្រៃ WWF បាននិយាយកាលពីថ្ងៃអង្គារទី៨កុម្ភៈថា ប្លាស្ទិកបានជ្រៀតចូលគ្រប់ផ្នែកទាំងអស់នៃមហាសមុទ្រហើយឥឡូវនេះត្រូវបានរកឃើញ “នៅក្នុងអតិសុខុមប្រាណតូចបំផុតរហូតដល់ត្រីបាឡែនធំៗ ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីប្លាស្ទិក។
បំណែកតូចៗនៃប្លាស្ទិកបានទៅដល់សូម្បីតំបន់ដាច់ស្រយាលបំផុតនិងមើលទៅហាក់បីដូចជាមានភាពបរិសុទ្ធបំផុតនៃភពផែនដី។ សំរាមប្លាស្ទិកបានបង្ហាញវត្តមាននៅតំបន់ទឹកកកនៃសមុទ្រអាក់ទិក ហើយត្រូវបានគេប្រទះឃើញនៅក្នុងត្រីនៅតំបន់ជ្រៅបំផុតនៃមហាសមុទ្រ គឺ តំបន់ម៉ារីយ៉ាណា ត្រិនឆ៍( Mariana Trench)។
មិនមានកិច្ចព្រមព្រៀងអន្តរជាតិណាមួយដើម្បីដោះស្រាយបញ្ហានេះទេទោះបីជាគណៈប្រតិភូនានាដែលប្រជុំនៅទីក្រុងណៃរ៉ូប៊ីសម្រាប់កិច្ចប្រជុំបរិស្ថានរបស់អង្គការសហប្រជាជាតិក្នុងខែនេះរំពឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាប្លាស្ទិកទូទាំងពិភពលោកក៏ដោយ។
អង្គការ WWFបានស្វែងរកការជំរុញករណីនេះសម្រាប់សកម្មភាពនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ដែលសំយោគការសិក្សាវិទ្យាសាស្ត្រជាង ២.០០០ដាច់ដោយឡែកពីគ្នាអំពីផលប៉ះពាល់នៃការបំពុលប្លាស្ទិកលើមហាសមុទ្រ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
របាយការណ៍នេះបានទទួលស្គាល់ថាបច្ចុប្បន្នមានភស្តុតាងមិនគ្រប់គ្រាន់ទេដើម្បីប៉ាន់ស្មានផលប៉ះពាល់ដែលអាចកើតមានលើមនុស្ស។ប៉ុន្តែវាបានរកឃើញថាសារធាតុដែលបានមកពីឥន្ធនៈហ្វូស៊ីលនេះ “បានទៅដល់គ្រប់ផ្នែកនៃមហាសមុទ្រ រាប់ចាប់ពីផ្ទៃសមុទ្រដល់បាតសមុទ្រជ្រៅ ពីតំបន់ប៉ូលរហូតដល់ឆ្នេរសមុទ្រនៃកោះដាច់ស្រយាលបំផុតហើយត្រូវបានរកឃើញនៅក្នុងអតិសុខុមប្រាណតូចបំផុតរហូតដល់សត្វធំបំផុតគឺត្រីបាឡែន”៕
រូបថតខែមិថុនាឆ្នាំ២០២០ បង្ហាញសំរាមប្លាស្ទិករាយប៉ាយពេញឆ្នេរនៅទីក្រុងប៉ាណាម៉ា