ដោយ​: បូកគោ​/​កំ​ពតៈ ប្រជាពលរដ្ឋ​ខេត្តកំពត​នៅតែ​បន្ត​ចូលរួម​ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំង​ដូ​ស​ទី​១ រហូតដល់​ដូ​ស​ទី​៤​។ នេះ​ជាស​ម្តី​អះអាង​របស់​មន្ត្រី​ជំនាញ​ជាមួយនឹង​ការបញ្ជាក់​ឱ្យដឹងថា ក្នុងចំណោម​ពលរដ្ឋ​គោលដៅ​ជាង​៦៤​ម៉ឺន​នាក់ គឺ​បានទទួល​វ៉ាក់សាំង​ប្រមាណ​ជាង​៨០​ភាគរយ​ហើយ​។

​ប្រធាន​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពត លោក​ស៊ីន ចូ​វ បាន​ប្រាប់​ឱ្យដឹងថា​នៅ​ទូទាំង​ខេត្តកំពត​មាន​ប្រជាពលរដ្ឋ​គោលដៅ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្រុម​អាយុ​៥​ឆ្នាំ និង​អាយុ​៦​ឆ្នាំ​ឡើង​សរុប​បាន​ចំនួន ៦៤៤.០៦៦​នាក់​។ គិត​ត្រឹម​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ អ្នក​ដែល​បានទទួល​ការផ្តល់​វ៉ាក់សាំង​ដូ​ស​ទី​១ មាន​៥១៧.៩១៩​នាក់ ស្មើនឹង​៨០,៤១​ភាគរយ​, ដូ​ស​ទី​២ ចាក់​បាន ៤២,៥១​ភាគរយ​, ដូ​ស​ទី​៣ បាន​២០,១២​ភាគរយ និង ១.៩១០​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ ស្មើនឹង​០,៤៥​ភាគរយ​។

​លោក ស៊ីន ចូ​វ បាន​បន្តថា ក្រុមគ្រូពេទ្យ​ជំនាញ​នៅតែ​បន្ត​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​តាំងពី​ដូ​ស​ទី​១ រហូតដល់​ដូ​ស​ទី​៤ នៅតាម​ប​ណ្ឌ​ល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត​រាល់​ម៉ោង​ធ្វើការ​។ ជាក់ស្តែង ក្នុង​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​បានមក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ មាន​២៣៤​នាក់ ដូ​ស​ទី​២ ចំនួន ១៩២​នាក់ ដូ​ស​ទី​៣​ចំនួន​៣.១២៥​នាក់ និង​ដូ​ស​ទី​៤​មាន​ចំនួន​៥៥៩​នាក់​។

ក្នុងនាម​មន្ទីរ​សុខាភិបាល លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ទាំងអស់​អញ្ជើញ​មក​ទទួល​សេវា​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ទូទាំង​ខេត្តកំពត​រាល់​ម៉ោង​ធ្វើការ​៕​